ខេត្តស្វាយរៀងៈ បុគ្គលិកបម្រើការងារនៃមន្ទីរការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈខេត្តស្វាយរៀងម្នាក់ មានការផ្អើលឆោឡោ ខណៈដើរមកខាងក្រៅមើលម៉ូតូ ស្រាប់តែមិនឃើញ និងហៅមិត្តរួមការងារជួយរក និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ប៉ុន្តែយឺតពេលទៅហើយ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅបរិវេណមន្ទីរការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈខេត្តស្វាយរៀង ក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះហន សាវ៉ាត ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរបុគ្គលិកបម្រើការងារ នៅមន្ទីរការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈខេត្ត មានទីលំនៅភូមិត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ។ រីឯម៉ូតូដែលបាត់ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១D៨០៨០។
តាមម្ចាស់ម៉ូតូរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាកហុងដាសេ១២៥មួយគ្រឿង មកធ្វើការដូចសព្វដង ដោយចតម៉ូតូនៅមុខច្រកផ្លូវ ខណៈមានមនុស្សដើរចេញចូលច្រើននាក់ ដោយគាត់មិនបានចាប់អារម្មណ៍នោះទេ។
ប្រភពបន្តថា លុះនៅវេលាកើតហេតុគាត់ ក៏ដើរមកមុខកន្លែងចតម៉ូតូដើម្បីអើតមើល ស្រាប់តែមិនឃើញក៏មានការផ្អើលឆោឡោតែម្ដង។
បច្ចុប្បន្នជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃឆ្លាក់រួចហើយ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញាដើម្បីកាត់ទោសតាមច្បាប់ ។
សូមបញ្ជាក់ថា ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ មានករណីកាច់កម៉ូតូបានសម្រេចចំនួន២ករណីបន្តបន្ទាប់គ្នា ខណៈដែលប្រជាពលរដ្ឋមានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់នេះ ឬភូមិ ឃុំមានសុវត្ថិភាព ៕ យឹម សុថាន