ព័ត៌មានទាន់ហេតុការណ៍៖

ស្រី​ប្រកាន់​ ប្រុស​ប្រកែក​ ,​ តុលាការ​នឹង​សម្រេច​ជោគវាសនា​នៅ​ថ្ងៃទី​៣ មិថុនា​

ចែករំលែក៖

ខេត្តកណ្ដាល​៖ ​ស្ត្រី​ម្នាក់​នៅ​តែ​ចោទប្រកាន់​ថា​ បុរស​ម្នាក់​បាន​ចាប់​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ តែ​បុរស​ជនជាប់ចោទ​បដិសេធ​ថា​ ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ឡើយ​ ។​ តុលាការ​ខេត្ត​កណ្ដាល​ បាន​ចំណាយ​ពេល​ពេញ​មួយ​រសៀល​ថ្ងៃទី​២៣​ ខែ​ឧសភា​ ដើម្បី​សួរ​ដេញដោល​សំណុំរឿង​ស្រី​ប្រកាន់​ ប្រុស​ប្រកែក​ នេះ​ ។​ ទីបំផុត​ លោក​ សាយ​ សម្ផស្ស​សេរី​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ ​សម្រេច​ថា​ នឹង​ប្រកាស​សាលក្រម​រឿង​នេះ​ នា​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​មិថុនា​ ខាង​មុខ​ ។

អនុរក្ស​ពន្ធនាគារ​ ថ្លែង​ថា​ ជនជាប់ចោទ​ឈ្មោះ​ ឃឹម​ ម៉ៅ​ អាយុ​៣៣ឆ្នាំ​ ជាប់​ចោទ​ពី​បទ​”រំលោភ​សេពសន្ថវៈ​”​ ប្រព្រឹត្ត​នៅ​ភូមិ​តាគាត់​លិច​ ឃុំ​ជ័យធំ​ ស្រុក​ខ្សាច់កណ្ដាល​ កាលពី​ថ្ងៃទី​១៤​ ខែ​មេសា​​ ឆ្នាំ​២០១៣​ តាម​មាត្រា​២៣៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ។​ បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៥ឆ្នាំ​ទៅ​១០ឆ្នាំ​ ។

ក្នង​សវនាការ​ស្ត្រី​រងគ្រោះ​អាយុ​ជាង​៣០ឆ្នាំ​ នៅ​តែ​ចោទ​ប្រកាន់​ថា​ បុរស​ជាប់​ចោទ​ពិត​ជា​បាន​រំលោភ​សេពសន្ថវៈ​លើ​រូប​នាង​រហូត​បាន​សម្រេច​ប្រាកដមែន​​ ។​ នាង​ស្នើ​សុំ​តុលាការ​ផ្តន្ទា​ទោស​ជនជាប់ចោទ​តាម​ច្បាប់​ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០០ដុល្លារ​អាមេរិក​ ។​ រីឯ​បុរស​ជាប់​ចោទ​ បដិសេធ​ថា​ ខ្លួន​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះទេ​ សូម​ឲ្យ​តុលាការ​រក​យុត្តិធម៌​ផង​ ។

លោក​ស្រី​ ស៊ូ​ សុជាតា​ ជា​តំណាង​អយ្យការ​ សន្និដ្ឋាន​ថា​ ពិត​ជា​មាន​បទល្មើស​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​រងគ្រោះ​ពិត​ប្រាកដ​មែន​ ស្នើ​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ ផ្តន្ទា​ទោស​ជនជាប់ចោទ​តាម​ច្បាប់​ ។​

មេធាវី​ការពារ​ជនជាប់ចោទ​ អះអាងថា​ ការ​ចោទប្រកាន់​នេះ​ជា​ទម្រង់​គ្មាន​ភស្តុតាង​ ស្ថិត​នៅ​ជា​ការ​ស្រពិចស្រពិល​ ឬ​ មាន​វិមតិ​សង្ស័យ​ ដោយ​ស្នើ​តុលាការ​លើក​លែង​ការ​ចោទប្រកាន់​លើ​កូន​ក្ដី​ ។

ដោយ​ឡែក​លោក​ស្រី​ ជាតិ​ សុខា​ មេធាវី​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ សន្និដ្ឋាន​ថា​ មាន​បទល្មើស​រំលោភ​សេពសន្ថវៈ​មែន​ មិនមែន​ជា​ការ​ប្រឌិត​ទេ​ ព្រោះ​តែ​ជនជាប់ចោទ​បាន​ចាប់​រំលោភ​ហើយ​ ថែម​សើច​ចំអក​ដល់​ស្ត្រី​រងគ្រោះ​ ទើប​ឈាន​ដល់​ការ​ប្តឹង​ផ្តល់​នេះ​ ។

បើ​តាម​មន្ត្រី​តុលាការ​ ជនជាប់ចោទ​ ឃឹម​ ម៉ៅ​ នៅ​មាន​សំណុំរឿង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មួយ​ករណី​ទៀត​ កាលពី​ចុង​ឆ្នាំ​២០១៦​ ដែល​ប្រព្រឹត្ត​លើ​ស្ត្រី​រងគ្រោះ​ដដែល​ ៕ ចេស្តា


ចែករំលែក៖