ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចកងរាជអាវុធហត្ថ បានសហការគ្នាចុះបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់ស្ថិតនៅចំណុចជើងភ្នំ និងខ្នងភ្នំកន្ទោងរឹម ជាលទ្ធផលរកឃើញឈើប្រភេទរាជកូល និងប្រភេទធ្នង់សរុបរាប់ម៉ឺនម៉ែត្រត្រីគុណ ។
សេចក្តីរាយការណ៍ឲ្យដឹងថា នៅវេលាម៉ោង ០៨.០០ នាទី ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៧ រហូតដល់ម៉ោង ១០.០០ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៧ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកវាលវែង៦នាក់,រថយន្ត១គ្រឿង, ម៉ូតូ២គ្រឿង, វិទ្យុទាក់ទង២ គ្រឿង, អាវុធ៤ដើម ដឹកនាំដោយលោកវរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការមូលដ្ឋាន អាវុធហត្ថ ស្រុក វាលវែង សហការជាមួយកម្លាំងអាវុធហត្ថកម្លាំងចម្រុះចុះទៅ ចំណុច (07710.57833)ជើងភ្នំ និង(08372.57208)ខ្នងភ្នំ កន្ទោងរឹម ភូមិ ស្ទឹងថ្មី ឃុំ ប្រម៉ោយ ស្រុក វាលវែង ខេត្ត ពោធិ៍សាត់។
នៅក្នុងការចុះបង្ក្រាបនេះ ជាលទ្ធផល រកឃើញឈើប្រភេទរាជកុល១៣២កំណាត់ ស្មើ ៧៥,២៣៨ ម៉ែត្រត្រីគុណ ឈើធ្នុង់ ១៥៩ ដុំ ស្មើ ២,៤០០ ម៉ែត្រត្រីគុណ។
បច្ចុប្បន្ន វត្ថុតាងប្រគល់ឲ្យស្នាក់ការដែនជំរកសត្វព្រៃភ្នំសំកុស ៕ ប៉ឹម ពិន