ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ២ឃុំក្នុងស្រុកកណ្តាលស្ទឹងស្មើប្រមាណជិត៨០០គ្រួសារអត់ទឹកប្រើជិតមួយសប្តាហ៍ហើយ

ចែករំលែក៖

ខេត្តកណ្តាល៖ ពលរដ្ឋនៅឃុំអន្លុងរមៀត និងឃុំបារគូ ក្នុងស្រុកកណ្តាលស្ទឹង ប្រមាណ៨០០គ្រួសារ ដែលប្រើប្រាស់ទឹកស្អាតរបស់ ក្រុមហ៊ុន(ទីប្រជុំជនទឹកស្អាតអន្លុងរមៀត) បានប្រត្តិកម្មនឹងថៅកែក្រុមហ៊ុនថា មិនបានផលិតទឹកបម្រើអតិថិជនឲ្យបានទាន់ពេវេលានោះទេ ដោយប្រព័ន្ធទុយយោទឹកនៅទីនោះ ចាស់ៗ គឺត តែខូចនិងបែកធ្លាយ ។

ពលរដ្ឋម្នាក់ដែលរស់នៅក្នុងភូមិបារគូឃុំបារគូ ក្នុងស្រុក កណ្តាលស្ទឹងម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកយកព័ត៌មាននគរវត្តថា ក្រុមហ៊ុនទឹកស្អាត ទីប្រជុំជនអន្លុងរមៀត ហាក់ដូចមិនយកចិត្តទុកដាក់ក្នុងការផលិតទឹកបម្រើអតិថិជនឲ្យបានត្រឹមត្រូវនោះទេ មានពេលខ្លះ ទឹកដែលត្រូវប្រើប្រាស់ធំក្លិនថ្នាំក្លរខ្លាំង ដែលប្រើប្រាស់ក្នុងការដាំស្លរមិនបាន និងពេលខ្លះទៀត ទឹកដាច់ពី៣ថ្ងៃទៅ៥ថ្ងៃ តែថៅកែក្រុមហ៊ុនមិនជូនដំណឹងឲ្យដឹងមុន តែដល់ពេលអតិថិជនបង់លុយខកពេលមួយថ្ងៃ ឬ២ថ្ងៃក្រុមហ៊ុនពិន័យជាប្រាក់រាប់ម៉ឺនរៀល ដោយគ្មានការយោគយោល់។

ជុំវិញករណីខាងលើនេះ លោក សាយ នីភ្នាក់ងារបម្រើទឹកស្អាតនៅក្រុមហ៊ុន ដែលមានស្នាក់ការនៅភូមិស្វាយមីង ក្នុងឃុំបារគូ បានប្រាប់ថា ចំពោះការដាច់ទឹកស្អាត លោកទទួលស្គាល់ថា ដាច់មានរយះពេលជិតមួយសប្តាហ៍មែន ដោយមានបញ្ហាដាច់ទុយយោទឹក ដែលកប់នៅក្នុងដី ត្រូវបានកាត់ផ្តាច់ដោយក្រសួងសាធារណការរាជធានីភ្នំពេញ ដែលស្ថាបនាផ្លូវ ហើយកាប់ត្រូវកាត់ផ្តាច់ទុយយោបែកខូចខាតទុយយោប្រមាណជិត១០ម៉ែត្រ ទើបបណ្តាលឲ្យមានបញ្ហាបែបនេះ។

លោក សាយនី បន្តទៀតថា បញ្ហាទឹកដែលមានក្លិន ថ្នាំក្លរខ្លាំង គឺជារឿងល្អទេ មិនមានប៉ះពាល់សុខភាពទេ ពីព្រោះក្លរអាចសម្លាប់មេរោគបន្សុតទឹកបាន១០០ភាគរយ តែលោក សាយ នី បានបញ្ជាក់ថា ការខ្វះខាតបញ្ហាខ្លះៗនោះ លោកនឹងរាយការណ៍ជូនដល់ថៅកែរបស់លោកនៅពេលក្រោយបន្តទៀត ៕ ឡូ សំអាត


ចែករំលែក៖