អតីតខ្សែប្រយុទ្ធក្លិបBlackburn Roversលោក Chris Sutton បានថ្លែងថា លោក David Moyes ពិបាករកការងារនៅក្នុងក្របខ័ណ្ឌ Premier League ទៀតណាស់ហើយប្រហែលជាត្រូវទៅដឹកនាំក្លិបនៅក្នុង ប្រទេសចិន បន្ទាប់ពីលាលែងចេញពីតំណែងអ្នកចាត់ការទូទៅ ក្លិបខ្មៅSunderland។
អ្នកចាត់ការសញ្ជាតិស្កុតឡេនលោក David Moyes ដែលវ័យ៥៤ឆ្នាំ នេះបានដឹកនាំក្រុមEvertonរហូតដល់ទៅ១១ឆ្នាំ តែគាត់ហាក់ដូចជាមិនទាន់ទទួលបានជោគជ័យក្នុងអាជីពនៅឡើយទេ ដោយរូបគាត់មានឱកាសដឹកនាំក្រុមធំ Manchester United ហើយ បែរជាត្រូវក្លិបបណ្ដេញចេញ។ ខណៈដែលទៅដឹកនាំក្រុម Real Sociedad ក៏ដូចជាមិនល្អថែមទៀត ទើបសម្រេចចាកចេញត្រឹម១រដូវកាល ហើយពេល មកកាន់Sunderland ពួកគេបានបញ្ចប់រដូវកាលរបស់ខ្លួន ស្ថិតនៅលេខរៀងទី២០នៃក្របខ័ណ្ឌកំពូលរបស់អង់គ្លេស នារដូវកាលនេះ ដែលលទ្ធផលត្រូវតម្រូវឲ្យពួកគេទៅលេងនៅលីកលំដាប់ទី២វិញ។
ចំណែកលោកDanny Mills អតីតខ្សែការពារក្លិបLeeds ក៏បានថ្លែងថា “គាត់នឹងពិបាកក្នុងការទទួលបានការងារនៅPremier League ប៉ុន្តែមានក្លិបជាច្រើននៅChampionshipត្រូវការគាត់។ គាត់មិនត្រូវការលុយនោះទេប៉ុន្តែ គាត់នៅមានចំណង់ខ្លាំងចំពោះការងារដឹកនាំក្រុមបាល់ទាត់នៅឡើយ” ៕ ដេវីត