ប៉ូលិសអេស្ប៉ាញបានឱ្យដឹងកាលពីថ្ងៃអង្គារថា ពួកគេបានចាប់ខ្លួនអតីតប្រធានក្លិបបាល់ទាត់ របស់ក្លិប Barcelona លោក Sandro Rosell នៅក្នុងប្រតិបត្ដិការលាងលុយកខ្វក់។
ប៉ូលិសអេស្ប៉ាញបានឲ្យដឹងទៀតថា មនុស្សម្នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនផងដែរហើយ ប៉ូលិសឆ្មក់ចូលការិយាល័យនិងផ្ទះចំនួន៩ក្នុងប្រតិបត្ដិការនៅក្នុងតំបន់ភាគខាងជើងភាគខាងកើតទីក្រុងCatalonia ។
ប្រភពពីមន្ត្រីប៉ូលិសបានបន្ថែមថា ការចាប់ខ្លួននេះបានធ្វើឡើងក្នុងផ្នែកមួយនៃការស៊ើប អង្កេតទៅក្នុងការលក់សិទ្ធិសោតទស្សន៍ ប៉ុន្តែប៉ូលិសមិនបានផ្តល់សេចក្តីលម្អិតបន្ថែម ទៀតនោះទេ។ ចំណែកមេធាវីរបស់លោក Rosell មិនអាចផ្តល់ការអត្ថាធិប្បាយបានទេ។
គួរបញ្ជាក់ថា លោកRosell បានធ្វើជាប្រធានក្លិប Barcelona ពីឆ្នាំ2010 ដល់ឆ្នាំ2014 ។ គាត់បានលាលែងពីតំណែងក្រោយតុលាការអេស្ប៉ាញចាប់ផ្តើមស៊ើបអង្កេតករណីទិញកីឡាករប្រេស៊ីល Neymar នៅឆ្នាំ2013 ៕ ដេវីត