ខេត្តកំពង់ឆ្នាំង ៖ មន្រ្តីរដ្ឋបាលព្រៃឈើម្នាក់ បានស្លាប់នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យ ដោយឡែកមន្រ្តីអាវុធហត្ថម្នាក់ និង ប្រជាពលរដ្ឋ២នាក់ បានរងរបួសធ្ងន់ នៅក្នុងការបាញ់ប្រហារមួយ ដែលបង្ករឡើងដោយក្រុមជនមិនស្គាល់មុខ២នាក់ បានបាញ់រះសម្រុកទៅក្នុង ស្នាក់ការប្រចាំការរបស់មន្រ្តីរដ្ឋបាលព្រៃឈើ និង អាវុធហត្ថ ។
ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅភូមិក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងការបាញ់ប្រហានេះ ១.ឈ្មោះ សឹង ហាត ភេទប្រុស ជាមន្រ្តីរដ្ឋបាលព្រៃឈើ បានស្លាប់នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យខេត្ត ។ ២.ឈ្មោះអ៊ុក ណាំ ជាមន្រ្តីអាវុធហត្ថខេត្ត រងរបួសធ្ងន់ ៣.ឈ្មោះម៉ៅ សារ៉ាត់ ភេទប្រុស ជាប្រជាពលរដ្ឋ និង ៤.ឈ្មោះនូ គឹមលន ជាម្ចាស់ស្ថានីយលក់ប្រេងឥណ្ទនៈនៅទីនោះ ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុបានឮសម្លេងកំាំភ្លើងបាញ់រះជាច្រើនគ្រាប់នៅក្នុងកន្លែងស្នាក់ការរបស់មន្រ្តីរដ្ឋបាលព្រៃឈើ និង អាវុធហត្ថ ដែលឈរជើងប្រចាំការនៅទីនោះ បណ្តាលឲ្យរងរបួសធ្ងន់មន្រ្តីរដ្ឋបាលព្រៃឈើ និងមន្រ្តីអាវុធហត្ថម្នាក់ ក្រោយពីបាញ់ប្រហានៅស្នាក់ការរួចមក ខ្មាន់កាំភ្លើងទាំងពីរនាក់នេះបានដើរចេញមកខាងក្រៅ រួចបាញ់ប្រសាចពេញផ្លូវ និង បាញ់សំដៅទៅទីតាំងស្ថានីយលក់ប្រេងឥន្ធនៈនៅនោះ បណ្តាលឲ្យរបួសប្រជាពលរដ្ឋម្នាក់ និង ម្ចាស់ស្ថានីយ៍លក់ប្រេងម្នាក់ ក្រោយពេលកើតហេតុ ជនសង្ស័យបានគេចខ្លួនបាត់ដោយឡែក ជនរងគ្រោះទាំងអស់ត្រូវបានបញ្ចូនមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែដោយសាររងរបួសធ្ងន់ធ្ងរមន្រ្តីរដ្ឋបាលព្រៃឈើម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
លោក លឹម ហាក់ ប្រធានព្រហ្មទ័ណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់នគរវត្ត នៅវេលាថ្ងៃត្រង់នេះ ក្រុមជនសង្ស័យទាំង៥នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននេះគឺមាន៥នាក់ ក្នុងនោះ៣នាក់ត្រូវបានយកមកសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និង ២នាក់ផ្សេងទៀត ត្រូវបានយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។ ដែលការឃាត់ខ្លួននេះគឺធ្វើឡើងកាលពីវេលាម៉ោងប្រមាណជា៥ជិតភ្លឺ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ។
លោក លឹមហាក់បានឲ្យដឹងទៀតថា ស្ថិតនៅក្នុងដំណាក់កាលនេះ គឺជាដំណាក់កាលសមត្ថកិច្ចកំពុងស៊ើបអង្កេតដូច្នេះ មិនអាចសន្និដ្ឋានបានយ៉ាងម៉េចនៅឡើយនោះទេរង់ចាំសាកសួររបស់សមត្ថកិច្ច សម្រាប់ស្វែងរកកាពិត ដើម្បីឈានដល់កាឃាត់ខ្លួន ដល់ក្រុមជនដៃដល់ យកមកផន្ទោសតាមច្បាប់ ៕ ចន្ថា