ខេត្តបន្ទាយមានជ័យ៖ ស្រុកភ្នំស្រុកនៃខេត្តបន្ទាយមានជ័យ ដែលជាអតីតតំបន់ប្រទាញប្រទង់គ្នា ក្នុងសមរភូមិសង្រ្គាម វាយប្រយុទ្ធបង្ហូរឈាមរវាងខ្មែរនឹងខ្មែរ ។
ស្រុកមួយនេះកាលពីសម័យសង្រ្គាម ធ្លាប់មានការបែងចែកទឹកដីភូមិសាស្រ្តគ្រប់គ្រងដោយគូជម្លោះត្រីភាគីរួមមានៈ ភាគីកងទ័ពរដ្ឋាភិបាល ភាគីកងទ័ពខ្មែរក្រហម និងកងទ័ពប៉ារ៉ា ហើយបានរងការខ្ទេចខ្ទាំដោយភ្លើងសង្រ្គាមស្ទើរទាំងស្រុង។
ស្រុកភ្នំស្រុក ក្រោយពីប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ទើបតែមានរយៈពេល១៩ឆ្នាំចុងក្រោយនេះ ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ត្រូវគេមើលឃើញថា ទទួលបានការកសាងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៅក្នុងសម័យដឹកនាំដោយសម្តេចតេជោសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ស្រុកភ្នំស្រុកដែលជាតំបន់ដាច់ស្រយ៉ាលអតីតកាល មិនសូវមានផ្លូវធ្វើដំណើរគ្រប់គ្រាន់ ផ្លូវទាំងឡាយរងការខូចខាត ចំណែកមន្ទីរពេទ្យ សាលារៀន ទឹក ភ្លើងអគ្គិសនី មានការខ្វះខាត ជាខ្លាំងធ្វើឱ្យប្រជាជនរស់នៅក្នុងស្ថានភាពលំបាកបំផុត។ ក៏ប៉ុន្តែរយៈពេលចុងក្រោយនេះដែរ មានការគ្រប់គ្រងដឹកនាំ ដ៏ត្រឹមត្រូវ ក្រោមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ភ្លើងអគ្គិសនីបានតភ្ជាប់ពីតំបន់មួយទៅតំបន់មួយគ្រប់ទីកន្លែង មណ្ឌលសុខភាពគ្រប់ឃុំ សាលារៀនមានគ្រប់គំរិតសម្រាប់កូនចៅចូលរៀន មានធារាសាស្រ្តខ្វាត់ខ្វែងសម្រាប់ផ្គត់ផ្គង់ទឹកឱ្យប្រជាជនធ្វើស្រែចំការ មានវត្តអារាម ផ្លូវថ្នល់ចាក់កៅស៊ូ និងផ្លូវលំ ស្ពានថ្ម បានកសាងខ្វាត់ខ្វែងកំពុងរីកដុះដាលគួរជាទីមោទនៈរបស់ប្រជាជននៅស្រុកភ្នំស្រុក។
សមិទ្ធផលទាំងនេះបានបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាជនសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតបង្កើនជីវភាពកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ។ បើប្រៀបធៀបកាលពីនៅក្នុងតំណាក់កាលប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាមនោះវិញ មានស្ថានភាពខុសគ្នាដាច់ស្រឡះ ប្រជាជនរស់នៅក្នុងសភាពលំបាក និងភ័យខ្លាច រត់គេចពីគ្រាប់ផ្លោង ។
ប្រជាជនស្លាប់ដោយគ្រាប់ផ្លោង ស្លាប់ដោយជំងឺគ្មានថ្នាំព្យាបាលគ្រប់គ្រាន់និង ស្លាប់ដោយដាច់បាយជាដើមនោះ ។ បច្ចុប្បន្ននេះ ប្រជាជនរស់នៅក្នុងសុខសន្តិភាព មានសិទ្ធិសេរីភាពគ្រប់គ្រាន់ ប្រជាជនរស់នៅមានក្តីសង្ឃឹម ។
ប្រជាជនស្រុភ្នំស្រុកខេត្តបន្ទាយមានជ័យរហូតដល់បច្ចុប្បន្ននេះ មានការកើនឡើងទៅដល់ជាង៥ម៉ឺនគ្រួសារនោះហើយ។ សក្តានុពលបម្រើផលប្រយោជន៍របស់ប្រជាជនខ្លាំងបំផុត គឺវិស័យកសិកម្ម និងទេសចរណ៍ធម្មជាតិ ។
ប្រជាជនរស់នៅក្នុងស្រុកភ្នំស្រុក បានសំដែងចេញនូវភាពសប្បាយរីករាយ ដែលរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នបានកសាងអភិវឌ្ឍន៍នៅក្នុងភូមិឃុំរបស់ពួកគាត់មានការរីកចម្រើន ដោយនឹកស្មានពុំដល់ ។
លោក យឹមសំណាង ស្រុកភ្នំស្រុកបច្ចុប្បន្នត្រូវគេមើលឃើញថា មានសក្តានុពលទៅលើផ្នែកកសិកម្ម និងផ្នែកទេសចរណ៍ អាងត្រពាំងថ្មជាកន្លែងទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្តក្នុងមួយៗឆ្នាំរាប់សិបម៉ឺននាក់។
ប្រជាជន៩៨ភាគរយប្រកបមុខរបរធ្វើស្រែចំការ ដែលមានអាងត្រពាំងថ្មជាកន្លែងស្តុកទឹករាប់សិបលានម៉ែត្រគូប និងមានប្រព័ន្ធធារាស្រ្តខ្វាត់ខ្វែង សម្រាប់ផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ ធ្វើស្រែចំការ។ ស្រុកភ្នំស្រុកទទួលបានសមិទ្ធិផលគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល អប់រំ គមនាគមន៍ ធារាសាស្ត្រ និងវិស័យកសិកម្មជាដើម។
សូមបញ្ជាក់ថា ស្រុកភ្នំស្រុកគឺមានអាងត្រពាំងថ្មដ៏ធំល្វឹងល្វើយដែលមានសារៈសំខាន់សម្រាប់ផ្គត់ផ្គង់ទឹកធ្វើស្រែចំការរបស់ប្រជាកសិករ។ អាងទឹកមួយនេះ ត្រូវបានកសាងឡើងនៅក្នុងរបបអាវខ្មៅ ប៉ុបពត ដោយប្រើប្រាស់កម្លាំងមនុស្សជាមធ្យោបាយដើម្បីកសាងអាងទឹកនេះឡើង ហើយប្រជាជនរាប់សិបនាក់បានស្លាប់នៅទីនេះ។
ក្រុមអង្គការអាវខ្មៅបានបង្ខំឱ្យប្រជាជនធ្វើការងារលើកដី រហូតអស់កម្លាំងដាច់ខ្យល់ស្លាប់ក៏មានផងដែរ។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានកសាងអាងនួយនេះឡើងវិញ ជាបន្តបន្ទាប់និងបានប្រែក្លាយជាកន្លែងអភិវឌ្ឃសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំសាន្ត៕ សំ វិច្ឆិកា