ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆាបឆេះតូបលក់ដូរនៅក្រោយផ្សារសាមគ្គីអស់ទឹកប្រាក់ប្រាំម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តសៀមរាប៖ តូបចំនួន១៤ ក្នុងនោះមាន៖ តូបលក់​កាហ្វេ , តូប លក់ បន្លែ ,តូបដាក់ស្តុបគ្រឿងឡាន ,តូប អេតចាយ និងមានតូបមួយចំនួនទៀត ត្រូវបានអគ្គិភ័យឆេះខ្ទេចខ្ទីទាំងស្រុង ។ ហេតុការណ៍បានកើតឡើង​នៅ​វេលា​ម៉ោង​១០និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយផ្សារសាមគ្គី ក្នុងភូមិ​បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្ត សៀមរាប។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា ភ្លើងឆេះចេញពីតូបអ្នកស្តុបបន្លែ នៅកណ្តាលគេ រួចបន្តទៅតូបផ្សេងទៀត បណ្តាលឱ្យឆេះកាន់តែខ្លាំងទៅៗ បន្ទាប់មក ក៏បានទូរស័ព្ទ ទៅប្រាប់​ម្ចាស់តូបមួយសន្ទុះ ក៏ឃើញរថយន្ត​ពន្លត់អគ្គិភ័យ​របស់​សមត្ថកិច្ចមកដល់ រួចនាំគ្នាទាញទុយយោទឹក បាញ់ភ្លាមៗផងដែរ។

ម្ចាស់តូបឈ្មោះ ស៊ីវ អាន ភេទស្រី អាយុ៦១ឆ្នាំ មានមុខរបរលក់​ដូរមានទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាបបានរៀបរាប់ប្រាប់​សមត្ថ​កិច្ច​​ថា តូបដែលជួលឱ្យគេលក់ដូរ​នោះមាន​ចំនួន១៤តូប ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំង បាំងសង្ក័សី ក្នុងនោះ តូបដែល​មាន​ទំហំ ៤ម៉ែត្រ គុណ៧ម៉ែត្រ មានចំនួន១០តូប ក្នុងតម្លៃ៣០​ដុល្លារ ក្នុង១ខែ និងតូប ៣ម៉ែត្រគុណ៧ម៉ែត្រ មានចំនួន៤​តូប តែចែក ចេញជាពីម្ចាស់ តម្លៃ១០០ដុល្លារក្នុងខែ ដែលមានអ្នកជួលលក់កាហ្វេ ជាជនជាតិ​វៀតណាម និង អ្នកជួលតូបលក់អំពៅជាជនជាតិខ្មែរ។ អ្នកស្រីបន្តថា ការខូចខាតអស់តូប ទាំង ស្រុងនោះ គឺអស់ទឹកប្រាក់ ប្រមាណ៥០០០ដុល្លារ។

បើតាមប្រភពពីសមត្ថកិច្ចនគរបាលខេត្តបានប្រាប់ថា ក្រោយ​ពេលកើតហេតុ មានរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលស្នងការខេត្តចំនួន៣គ្រឿង និង រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តចំនួន៣គ្រឿង ដើម្បីជួយបាញ់ពន្លត់ ខណៈ​ពេលនោះ ភ្លើងដែលកំពុងឆេះយ៉ាងសន្ធោរសន្ធៅ នោះត្រូវបានរលត់ អស់ទាំងស្រុង នៅវេលា​ម៉ោង ១១ និង៤៨នាទីព្រឹក ថ្ងៃ ដដែល ។

ប្រភពបានបញ្ជាក់បន្ថែមទៀតថា ភ្លើងដែលឆេះតូប​ទាំង​អស់នោះ មានចំនួន១៤តូប ត្រូវបានខូចខាតអស់ស្ទើរទាំងស្រុង សុទ្ធជាអ្នកជួលតូបទាំង​អស់ ​ប៉ុន្តែគ្មាននរណាម្នាក់ រងរបួស នៅក្នុងហេតុការភ្លើងឆេះនោះឡើយ។

ប្រភពបានបញ្ជាក់ទៀតថា ការខូចខាត ទ្រព្យសម្បត្តិរបស់អ្នកជួលតូប ដោយសារ​ភ្លើង​ឆេះនោះ បើគិតជាទឹកប្រាក់អស់ប្រមាណជិត៥ម៉ឺនដុល្លារ ព្រោះឥវ៉ាន់ដែលច្រើនជាងគេ គឺ គ្រឿងឡាន និង បន្លែ ៕ ប៉ុន រិទ្ធី


ចែករំលែក៖