ព័ត៌មានទាន់ហេតុការណ៍៖

ប្រមូលផ្តុំគ្នាចែកចាយថ្នាំញៀន សមត្ថកិច្ចទៅដល់ឃាត់បាន២នាក់ដកហូតថ្នាំញៀន៥កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌចំការមនខណៈកំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋានរបស់ខ្លួន ក៏ប្រទះឃើញបុរស២នាក់ ឈរក្បែររបងវត្តមើលទៅគួរឲ្យសង្ស័យ ក៏ឃាត់ឆែកត្រួតពិនិត្យ រកឃើញមានថ្នាំក្រាមសថ្លា៥កញ្ចប់ធំ និងថ្នាំញៀន១ញ្ចប់មាន៤គ្រាប់ រួចធ្វើការឃាត់ខ្លួនយកមកសាកសួរនាំ។

ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោងនិង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចខាងកើតវត្តទួលទំពូង តាមផ្លូវ១៣៥ ស្ថិតនៅភូមិ៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

លោក ហ៊ាង ថារ៉េត អធិការរងទទួលផែនការយុត្តិធម៌ ខណ្ឌចំការមន បានប្រាប់ថា ជនសង្ស័យឃាត់ខ្លួនចំនួន២នាក់ ទី១មានឈ្មោះ អ៊ិន ផល្លា ហៅលី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណត់នៅភូមិសែសិន ឃុំព្រះពន្លា ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ (ជាម្ចាស់ថ្នាំញៀន៦កញ្ចប់) និងទី២មានឈ្មោះ ផៃ សុខរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក អធិការរងបាន បន្តថា មុនឃាត់ខ្លួន ជនសង្ស័យជួញដូរថ្នាំញៀន ទាំង២នាក់នេះ គឺកម្លាំងព្រហ្មទណ្ឌខណ្ឌ សហការជាមួយ កម្លាំងនគរបាលផ្នែកអន្តរាគមន៍ និងនគរបាលរដ្ឋបាលទួលទំពូងទី១ ចេញល្បាត ក្នុងមូលដ្ឋាន ហើយពេលមកដល់ចំណុចខាងកើតរបងវត្តទួលទំពូង ស្រាប់តែឃើញក្មេងស្ទាវមួយក្រុមកំពុង ប្រមូលដុំគ្នា។ ដោយមានការសង្ស័យក៏ចុះទៅសួរនាំ និងឆែកត្រួតពិនិត្យ ហើយពេលចូលទៅដល់ស្រាប់តែម្នាក់ៗ រត់យ៉ាងប្រស្រោច ហើយក៏ឃាត់ខ្លួនបាន២នាក់រួច និងធ្វើការឆែកត្រួតពិនិត្យ នៅលើខ្លួនមិនឃើញមានអីទេ តែមានអាវពណ៍ទឹកដោះគោដៃខ្លីខាងស្ដាំ ហើយមានថ្នាំក្រាមសថ្លាចំនួន៥កញ្ចប់ និងថ្នាំគ្រាប់ពណ៌ផ្កាឈូក១កញ្ចប់ មាន៥គ្រាប់ ហើយកម្លាំងសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួន យកមកអធិការខណ្ឌដើម្បីសាកសួរនិងកសាងសំណុំរឿងទៅសាលាដំបូងរាជធានីចាត់ការតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖