ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះសំណាក់យីហោស្កាយសង្ស័យផ្តល់ទីតាំងឲ្យក្រុមក្មេងស្ទាវជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខឃាត់ខ្លួន មនុស្សប្រុស ស្រី២នាក់ និងថ្នាំញៀន១កញ្ចប់ធំ ករណីជួញដូរគ្រឿងញៀននៅក្នុងបន្ទប់ផ្ទះសំណាក់ស្កាយ ដែលគេសង្ស័យថា ម្ចាស់ផ្ទះសំណាក់ខាងលើផ្តល់ទីតាំងឲ្យក្រុមក្មេងស្ទាវទៅប្រមូលផ្តុំជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ហើយត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនដោយចោទពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង២និង០០នាទីថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៧នៅចំណុចបន្ទប់ផ្ទះសំណាក់យីហោ ស្តាយ ដែលមានទីតាំងស្ថិតនៅក្រុម៧ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលឃាត់ខ្លួននោះទី១ មានឈ្មោះ កុយ សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងទី២ឈ្មោះ វង់ ពេជ្រ មន្នីកា ភេទស្រី អាយុ២២ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតភូមិរំលិច ឃុំបាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះគឺលោកបានបញ្ជាឲ្យលោក គួក សុខហួ អធិការរងខណ្ឌទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ​ និងលោកនាយផ្នែកព្រហ្មទណ្ឌខណ្ឌស្រាវជ្រាវតាមជំនាញ ទើបឈានដល់ការឃាត់ខ្លួនបានពួកគេទាំងពីរនាក់រួមនឹង​វត្ថុតាងថ្នាំញៀន១កញ្ចប់ធំ និងឧប្បករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅកាន់សាលាដំបូងរាជធានៅភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ តុង សីហា


ចែករំលែក៖