ភ្នំពេញ: មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តម៉ាកឡិចស៊ីសRX.330មួយគ្រឿងកំពុងបើកបរសុខៗបានវាក់ជាមួយសត្វគោកំពុងដើរតាមផ្លូវក៏បានជាន់ហ្វ្រាំងឈប់ទាំងបង្ខំ គាប់ជួន ពេលនោះមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកតាមក្រោយទៅដល់ ជាន់ហ្រ្វាំងឈប់មិនទាន់ក៏បានបុកពីក្រោយ បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយ ចំណែករថយន្តហ៊ីយ៉ាន់ដាយ ដែលបុកគេពីក្រោយក៏បានរងការខូចខាតផ្នែកខាងមុខដែរ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តទាំង២គ្រឿងនោះបើកបរស្របគ្នាតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត ដោយរថយន្តឡិចស៊ីសRX.330 ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AO.5849បានបើកខាងមុខ។ ចំណែករថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2E.6316 បើកខាងក្រោយ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តឡិចស៊ីសបានវាក់ជាមួយសត្វគោកំពុងដើរលើផ្លូវ ក៏បានជាន់ហ្វ្រាំងឈប់ទាំងបង្ខំ ខណ:នោះរថយន្តហ៊ីយ៉ាន់ដាយបានទៅពីក្រោយចាប់ហ្រ្វាំងមិនទាន់ ក៏ជ្រុលបុករថយន្តឡិចស៊ីសRX.330 ពីក្រោយរងការខូចខាតទាំងសងខាងតែម្ដង។
ប្រភពដដែលបានបន្តថាក្រោយពេលកើតហេតុនគរបាលចរាចរណ៍មូលដ្ឋានទៅដល់ហើយភាគីរថយន្តឡិចស៊ីសបានទាមទារសំណងជាប្រាក់ចំនួន១៤០ដុល្លារ ប៉ុន្តែខាងភាគីរថយន្តហ៊ីយ៉ាន់ដាយថាគ្មានលទ្ធភាព ហើយទីបំផុតត្រូវរ៉ូវគ្នាត្រឹម៥០ដុល្លារ។ ប៉ុន្តែក្រោយពេលបានលុយដល់ដៃម្ចាស់រថយន្តឡិចស៊ីសអត់យកខ្លួនឯងទេ គឺបានប្រគល់លុយនេះទៅឲ្យនគរបាលទាំងអស់ ដោយបានចាត់ទុកថា ជាការព្រមានដល់អ្នក បើកបររថយន្តហ៊ីយ៉ាន់ដាយកុំឲ្យបើករថយន្តកៀកគ្នាពេក ពេលគ្រោះអាសន្នជួបហេតុការណ៍ អាក្រក់បែបនេះ ៕ ប្រាថ្នា