ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តទៅបុករថយន្តមួយគ្រឿងទៀត កំពុងឈប់ចាំភ្លើងស្ទុបពីក្រោយបណ្ដាលឲ្យរងការខូចខាត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគឺរថយន្តម៉ាកព្រូស ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2P-2559 បានធ្វើដំណើតាមបណ្ដោយផ្លូវ៥៩៨ ទិសដៅពីត្បួងទៅជើងក្នុងល្បឿនល្មម ខណះមកដល់ស្ទុបក៏បានឈប់ ព្រោះស្ទុបបានលោតសញ្ញាក្រហម បន្ទាបមកក៏មានរថយន្តឡង់គ្រឺស័រ ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2M-3822 បានបើកមកពីក្រោយលឿនពេក ហើយសង្ស័យអ្នកបើកបរស្រវឹងស្រាផងនោះ ក៏បុករថយន្តព្រូសពីក្រោយទាំងកំរោលតែម្ដង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ដោយរថយន្តបង្កខូចខាតខាងមុខ ហើយរថយន្តរងគ្រោះខូចខាតពីក្រោយ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នាដែរ តែមិនត្រូវ ដោយភាគីទាំងសងខាងយកត្រូវតែរៀងៗខ្លួន ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានដែលទទួលផ្នែកចរាចរណ៍បានចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រងចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ