ព័ត៌មានទាន់ហេតុការណ៍៖

ស្ងប់ស្ងាត់​ !​ សាលក្រម​រឿង​ក្ដី​បាញ់​សម្លាប់​លោក​ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ នៅ​ស្រពិចស្រពិល​

ចែករំលែក៖

ភ្នំពេញ​៖ រហូតមក​ទល់​ពេលនេះ​ សាលក្រម​រឿង​ក្ដី​បាញ់​សម្លាប់​លោក​ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ ដែល​មាន​លោក​ថោង​ សារ៉ាត់​ ជា​មេខ្លោង​ និង​ ក្រុម​អង្គរក្ស​ នៅ​ពុំ​ទាន់​ប្រកាស​នៅ​ឡើយទេ​ ពោលគឺ​នៅ​ស្រពិចស្រពិល​នៅ​ឡើយ​ ។

លោក​ តុប​ ឈុន​ហេង​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៥​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ កន្លង​ទៅ​ បាន​លើក​ពេល​ប្រកាស​សាលក្រម​រឿង​ក្ដី​នេះ​ ដោយ​មិន​កំណត់​ពេល​ ។​

មជ្ឈដ្ឋាន​មួយ​ចំនួន​ ងឿងឆ្ងល់​ថា​ ហេតុអ្វី​រាល់​ពេល​សវនាការ​ពុំ​ដែល​មាន​វត្តមាន​លោក​ ថោង​ សារ៉ាត់​ ជា​តួអង្គ​សំខាន់​ ខណៈ​មេធាវី​ការពារ​ក្ដី​លោក​ ថោង​ សារ៉ាត់​ អះអាងថា​ លោក​ ថោង​ សារ៉ាត់​ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ ហៅ​ពេទ្យ​រុស្ស៊ី​ ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បញ្ជាក់​ថា​ រហូត​មក​ទល់​ពេលនេះ​ តុលាការ​នៅ​ពុំ​ទាន់​កំណត់​ថ្ងៃ​ប្រកាស​សាលក្រម​រឿង​ក្ដី​នេះ​នៅ​ឡើយទេ​ ។​

លោក​ គា​ អ៊ាវ​ មេធាវី​ការពារ​ជនជាប់ចោទ​ ធ្លាប់​ថ្លែង​ថា​ ​ ក្រឡាបញ្ជី​បាន​ទូរស័ព្ទ​ប្រាប់​លោក​ថា​សាលក្រម​នេះ​ត្រូវ​លើក​ពេល​ប្រកាស​សាលក្រម​ ហើយ​នឹង​ជូន​ដំណឹង​ពេល​ក្រោយ​ ។​ លោក​មេធាវី​ មិន​ច្បាស់​អំពី​មូលហេតុ​នៃ​ការ​លើក​ពេល​ប្រកាស​សាលក្រម​នេះ​ទេ​ ។

លោក​ ថោង​ សារ៉ាត់​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ផ្តើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន​ តាម​មាត្រា​២៨និង​មាត្រា​២០០នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។​ រីឯ​ក្រុម​អង្គរក្ស​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត​និង​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ ។

ហេតុការណ៍​បាញ់​សម្លាប់​កក្រើក​រាជធានី​ភ្នំពេញ​នេះ​ កើត​ឡើង​​កាលពី​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ​នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌ​ចំការមន ៕ ចេស្តា


ចែករំលែក៖