ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៤ ខែឧសភា ស្លាប់ម្នាក់ របួស ២នាក់នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីមន្រ្តីគណបក្សសង្រ្គោះជាតិម្នាក់បានស្លាប់យ៉ាងរន្ធត់ បន្ទាប់ពីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងបុរសចំនួន ២នាក់ផ្សេងទៀតបានរងរបួសយ៉ាងដំណំផងដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ។

ប្រភពព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលរលាបបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ម្សិលមុិញ នៅលើកំណាត់ផ្លូវកៅស៊ូមួយរ៉បមាត់ស្ទឹងពោធិ៍សាត់ត្រើយខាងកើត ស្ថិតក្នុងភូមិព្រែកត្នោត សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើក ដោយយុវជនម្នាក់បានជិះម៉ូតូ ១គ្រឿងក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុបានរេចង្កូតបុកស្រ្តីជាមន្រ្តីគណៈកប្សសង្រ្គោះជាតិម្នាក់ ដែលគាត់កំពុងហែឃោសនារកសំឡេងឆ្នោតជ្រើសរើសឃុំ.សង្កាត់នាពេលខាងមុខនេះ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសង់ខាង ហើយបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ប៉ុន្តែដោយស្រ្តីរងរបួសធ្ងន់ពេកក៍បានស្លាប់ ចំណែកយុវជនអ្នកបើកបរម៉ូតូបានបញ្ជូនបន្តទៅរាជធានីភ្នំពេញ ដោយឡែកវត្ថុតាងម៉ូតូបានរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី។

ដោយឡែក៖ ប្រភពព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងឯណោះវិញ បានឲ្យដឹងដែរថា នារសៀល ថ្ងៃដដែលនោះ ស្ថិតនៅក្នុងភូមិ.ឃុំសំរោង ស្រុកភ្នំក្រវាញ កមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើកផងដែរ បង្កដោយមន្រ្តីជំនាញរដ្ឋបាលព្រៃឈើម្នាក់ បានបើករថយន្តរបស់ខ្លួនមកពាំងគោយន្តកន្រ្តៃដឹកឈើ ធ្វើឲ្យបុរសអ្នកបើកបរគោយន្តកន្រ្តៃដឹកឈើរូបនេះចាប់ហ្វាំងត្រថេសត្រថាស់ កបានរបូតដៃធ្លាក់ពីលើគោយន្តរួចកិនបណ្ដាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះក៍មានក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំលាច នៃគណៈប្រជាជនកម្ពុជា បានឃើញហេតុការណ៍ក៍ដឹកជនរងរបួសយកមកជួយព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ហើយករណីខាងលើនេះក៍បានសម្របសម្រួលគ្នារវាងមន្រ្តីរដ្ឋបាលព្រៃឈើ និងម្ចាស់គោយន្តកន្រ្តៃដឹកឈើចប់សព្វគ្រប់ផងដែរ៕ បឹុម ពិន

 


ចែករំលែក៖