ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទេសចរណ៍ជែងរថយន្តដឹកកម្មករ-កម្មការិនីរោងចក្រជ្រុលទៅបុកម៉ូតូរ៉ឺម៉ក បណ្ដាលឲ្យមានអ្នករងរបួស

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់ បានរងរបួស ខណៈមានរថយន្តទេសចរណ៍ ដឹកអ្នកដំណើរជនបរទេស ​បានបើកវ៉ាជែង រថយន្តដឹកកម្មករ-កម្មការិនីរោងចក្រ មួយគ្រឿងទៀតហើយជ្រុលទៅបុកម៉ូតូរ៉ឺម៉ក បណ្ដាលឲ្យមានអ្នករងរបួស ហើយខូចខាតម៉ូតូរ៉ឺម៉ក និងភ្ញៀវជិះលើរថយន្តភ័យលស់ប្រលឹងគ្រប់ៗគ្នា។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦ និង១០នាទី ល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។

បើតាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តទេសចរណ៍ ១គ្រឿង ពណ៌ក្រហមលាយស ពាក់ស្លាកលេខ 51B-14226 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះព្រមទាំងមានភ្ញៀវជិះលើរថយន្តជាច្រើននាក់ដោយធ្វើដំណើរយ៉ាងលឿនពីទិសខាងកើតមកលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏វ៉ារថយន្តដឹកកម្មករ មួយគ្រឿងទៀតស្របពេលនោះស្រាប់តែមានម៉ូតូរ៉ឺ ម៉ក ១គ្រឿង ធ្វើដំណើរបញ្ជ្រាស់ទិសគ្នា ហើយក៏ជ្រុលចង្កូតទៅខាងឆ្វេងដៃគៀរពេញទំហឹងតែម្តង ។

ប្រភពខាងលើ បានបន្តថា ក្រោយពីបង្កហេតុអ្នកបើកបររថយន្ត ចុះរត់ទៅវាលស្រែ ហើយត្រូវបានក្រុមកម្មករ-កម្មការិនី រត់ដេញចាប់បាន ប្រគល់ឲ្យសមត្ថកិច្ចនគរបាលក្រុងដើម្បីសាកសួរ ។

ចំណែករថយន្ត និងម៉ូតូរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចនគរបាលវាស់វែង និងយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ យឹម សុថាន


ចែករំលែក៖