ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវប៉េតុងមួយខ្សែនៅក្នុងសង្កាត់ច្រាំងចំរេះ២ក្លាយទៅជាផ្លូវដី

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះ២ ក៏ដូចជានៅក្នុងខណ្ឌឫស្សីកែវទាំងពីរបាននាំគ្នារអ៊ូរទាំរិះគន់ទៅដល់អភិបាលរងទទួលខណ្ឌឫស្សីកែវម្នាក់ដែលទទួលរងបន្ទុកសាធារណការខណ្ឌ ដែលបណ្តែតបណ្តោយឲ្យរថយន្តដឹកដី ដឹកខ្សាច់ ធ្វើចរាចរណ៍យ៉ាងអនាធិបតេយ្យនៅក្នុងមូលដ្ឋាន ។ មិនតែប៉ុណ្ណោះ អភិបាលរងទទួលបន្ទុកមិនមានចំណាត់ការទៅលើម្ចាស់រថយន្ត ឬក៏អ្នកដឹកជញ្ជូននេះឡើយ ដែលគេសង្ស័យថា ការមិនឃាត់រថយន្តដឹកដី ដឹកខ្សាច់ខាងលើនេះ អាចអភិបាលរងរូបនេះសើមមាត់ សើមកជាមួយអ្នកដឹកដី។

ជាក់ស្តែង នៅកំណាត់ផ្លូវមួយខ្សែក្នុងភូមិដែលទើបស្ថាបនាថ្មីៗកន្លងមកនេះ ប្រែក្លាយទៅជាផ្លូវដី រអិលនៅពេលភ្លៀង និងហុយនៅរដូវប្រាំង ដោយសារតែការដឹកជញ្ជូនដី ក៏ដូចជាខ្សាច់ទៅចាក់នៅក្នុងទីតាំងទំនាប់ ក៏ដូចជាស្រះត្រី ដើម្បីបំពេញ ។

ប្រជាពលរដ្ឋបានឲ្យដឹងថា អភិបាលរងដែលទទួលបន្ទុកកិច្ចការសាធារណការខណ្ឌឫស្សីកែវខាងលើនេះ មានឈ្មោះ ប្រាជ្ញ សីហា ដែលទើបតែផ្លាស់ប្តូរមកជំនួស លោក គូប ស្លេស ដែលត្រូវបានផ្លាស់ទៅកាន់ខណ្ឌទួលគោក ។ ប៉ុន្តែអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមនោះ អភិបាលរង លោកប្រាជ្ញ សីហា មិនបានគិតគូរពីការលំបាករបស់ប្រជាពលរដ្ឋនោះឡើយ ហើយ ករណីខាងលើនេះ មិនមែនលោកមិនដឹងនោះទេ តែហាក់ដូចជាត្រូវរ៉ូវគ្នាជាមួយអ្នកដឹកជញ្ជូនដីយ៉ាងដូច្នេះ ។ មិនតែប៉ុណ្ណោះ ផ្លូវខ្លះធ្វើរួចរាល់ ត្រូវបានកាត់ផ្តាច់ដោយអន្លើៗ ជាកង់ៗ ដើម្បីតប្រព័ន្ធទឹក ក៏ដូចជាប្រព័ន្ធភ្លើង ។ល។ ដែលបញ្ហានេះធ្វើឲ្យផ្លូវឆាប់ខូច និងធ្វើឲ្យបាត់បង់ថវិការដ្ឋាភិបាល ៕ អរុណរះ


ចែករំលែក៖