ភ្នំពេញៈ ស្តុបថ្មីចំនួន៤ទីតាំងក្នុងចំណោមស្តុបកំពុងដំឡើងភ្លើងថ្មីចំនួន១០០ទីតាំងដែលបន្ថែមដើម្បីកាត់បន្ថយការ កកស្ទះចរាចរណ៍ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញក្រោមកិច្ចសហប្រត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA បានដាក់ឲ្យដំណើរការនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ បន្ទាប់ពីលាបគំនូសចរាចរណ៍រួច។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យដឹងថា បន្ទាប់ពីលាបគំនូសចរាចរណ៍រួចនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ភ្លើងស្តុបថ្មីចំនួន៤ទីតាំង គឺភ្លើងស្តុបទី២០ ,២១ ,២២ ,២៣ ត្រូវបានដាក់ឲ្យដំណើរការ ហើយភ្លើងស្តុបទាំង៤ទីតាំងនេះ រួមមាន៖ ទី១-ភ្លើងស្តុបប្រសព្វមហាវិថីសហព័ន្ឋរុស្ស៊ី និងផ្លូវលេខ២៦១ ទី២-ភ្លើងស្តុបប្រសព្វផ្លូវលេខ២៧១ និងវិថីទេព ផន ទី៣-ភ្លើងស្តុបវិថីទេព ផន ប្រសព្វផ្លូវលេខ២៦១ និងទី៤-ភ្លើងស្តុបវិថីទេព ផន ប្រសព្វផ្លូវលេខ ២៥៧។លោកប្រធានមន្ទីរបានបន្ថែមថា ការមិនទាន់ដាក់ឲ្យដំណើរការភ្លើងស្តុបថ្មីព្រមគ្នា គឺពុំមានបញ្ហារាំងស្ទះអ្វីនោះទេ ហើយការដែលដាក់ឲ្យដើរម្តងមួយ ឬម្តង ៤ទៅ៥ស្តុបនេះ ក៏ព្រោះតែខាងមន្ទីរ ត្រូវលាបគំនូសចរាចរណ៍ថ្មី លុបគំនូស ចាស់ រើ និងរៀបបេតុងទ្រូងផ្លូវថ្មី និងទីតាំងខ្លះ ត្រូវតខ្សែភ្ជាប់ចរន្តអគ្គិសនី រួមនឹងការរើស្តុបចាស់ចេញ ផងដែរ ទើបយើងមិនអាចដាក់ឲ្យដំណើរការស្តុបថ្មីទាំងនេះព្រមគ្នាបាន ។
លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបន្តថា ជាមួយការដាក់ឲ្យដំណើរការភ្លើងស្តុបប្រភេទថ្មីនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏គ្រោងផលិតស្ពតជាវីឌីអូ ដើម្បីពន្យល់ពីរបៀបប្រើប្រាស់ ស្តុបថ្មីនាពេលខាងមុខ ដោយសារភ្លើងស្តុបថ្មីនេះ ទំនើបមានលក្ខណៈពិសេស ខុសប្លែក ពីភ្លើងស្តុបចាស់ ។
សូមរំលឹកថា ប្រទេសជប៉ុន តាមរយៈអង្គការ JICA បានជួយជំនួយបង្គោលភ្លើងស្តុបថ្មី ដំបូងចំនួន ១០០ស្តុប ដើម្បីដំឡើងនៅក្នុងរាជធានីភ្នំពេញ ហើយបង្គោលភ្លើងស្តុបចាស់ៗ ដែលត្រូវបានដកចេញពីកន្លែងចាស់នោះ នឹងយកទៅដំឡើងនៅតំបន់ជាយរាជធានីវិញមានទាំងអស់ មានចំនួន៤៣ ៕ ប្រាថ្នា