ភ្នំពេញ៖ នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០១៧នេះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានអំពាវនាវ កុំឱ្យមានការជេរប្រមាថគ្នាគឺឃោសនាតាមបែបផ្សព្វផ្សាយពាណិជ្ជកម្ម ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជា មួយគ្រិស្តបរិស័ទកម្ពុជាកាលពីព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧ សម្តេចតេជោ បានបញ្ជាក់ថា ការឃោសនាតាមបែបផ្សព្វផ្សាយពាណិជ្ជកម្មលើតែផលិតផលគេមិនដែលបន្តុះបង្អាប់ផលិតផលរបស់អ្នកដទៃនោះទេ ព្រោះពាក្យសម្តីមួយចំនួនអាចកើតមានជាអំពើហិង្សានិងអាចឈានដល់ការមានសង្គ្រាមក៏អាចថាបាន។ ដូច្នេះសូម រក្សារបៀបរៀបរយឱ្យបានត្រឹមត្រូវក្នុងការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងការបោះឆ្នោតនាពេលខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យសាសនាទាំងអស់ចូលរួមជាមួយរដ្ឋា ភិបាលដើម្បីរក្សាសន្តិភាព បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍឡើយ ហើយគ្រប់សាសនា ទាំងអស់នៅកម្ពុជាត្រូវមានសាមគ្គីភាព គ្នា។ គណបក្សប្រជាជនកម្ពុជានឹងចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីក ចម្រើននិងចូលរួមរក្សាសន្តិភាពជាមួយបងប្អូនបន្តទៀត។ បើគណបក្សប្រជាជនកម្ពុជា បន្តឈ្នះឆ្នោតបក្សណាក៏អាចរស់នៅជា មួយបានដែរ ហើយសាសនាទាំងអស់ក៏ រស់នៅជាមួយបានទាំងអស់ ។
ក្នុងឱកាសនោះដែរសម្តេចតេជោបានផ្តាំទៅលោក កឹម សុខា ដែលបាននិយាយ ថា បក្សកាន់អំណាចធ្វើតាមការទាមទារ របស់លោកអំពីប្រាក់ខែ និងអំពីថ្លៃភ្លើង នោះ សម្តេចតេជោបានតបទៅលោក កឹម សុខា វិញត្រូវចាំឱ្យច្បាស់ថា សិទ្ធិអំណាច សម្រេចគឺជាសិទ្ធិរបស់បក្សកាន់អំណាច ហើយជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី ។
សម្តេចតេជោបានបន្តថា សង្គ្រាមងាយ ផ្ទុះណាស់ អ្នកខ្លះថា គេអត់មានកាំភ្លើងទេ ដូច្នេះសង្គ្រាមមិនកើតនោះទេ ប៉ុន្តែសម្តេច បានរំលឹកថា មិនចាំបាច់មានកាំភ្លើងក៏អាចបង្កើតសង្គ្រាមបានដែរសម្តីរបស់អ្នកដែលជេរគេថា ក្បត់ជាតិ សម្តីរបស់អ្នកតាមផេកហ្វេសប៊ុកដែលបានប្រមាថដ៏ធ្ងន់មកលើ អ្នកគាំទ្រគណបក្សប្រជាជនដែលថាអត់ មនុស្សហែយកយួនមកហែ។ នេះហើយជាសម្តីសម្រាប់ការបង្កើតសង្គ្រាមប្រសិនបើគណបក្សប្រជាជនអត់ធ្មត់មិនបាន។
សម្តេចតេជោបានបញ្ជាក់បន្ថែមថា ការ ចាប់ផ្តើមពីសម្តីនេះហើយដែលបង្កើត សង្គ្រាម ដូច្នេះបានជាគេតម្រូវឲ្យមានក្រមសីលធម៌ជាក់លាក់មិនត្រូវមានការប៉ះ ទង្គិចគ្នាទេ។ សម្តេចតេជោបានប្រដូចការ ឃោសនាពីទំនិញត្រូវធ្វើតែទំនិញរបស់ខ្លួន ឯងកុំបង្អាប់ទំនិញរបស់អ្នកដទៃគឺត្រូវធ្វើ តាមអ្នកឃោសនាពាណិជ្ជកម្មទើបជាការត្រឹមត្រូវហើយក្នុងក្របខ័ណ្ឌសាសនាក៏ដូចគ្នាដែរ ៕ ហេង សូរិយា