កម្លាំងទាហានហ្វីលីពីន បានបើកការវាយប្រហារជាទ្រង់ទ្រាយធំ ទៅលើខ្មាន់កាំភ្លើង ក្រុមឧទ្ទាម Maute ដែលមានភាពជិតស្និទ្ធនឹងក្រុមភេរវកម្ម IS ដើម្បីរំដោះទីក្រុង Marawiមកវិញ ក្រោយពេលទីក្រុងនេះធ្លាក់ចូលក្នុងដៃក្រុមនេះ ។
អ្នកនាំពាក្យកម្លាំងទាហានហ្វីលីពីន លោក Jo Ar Herrera បានបញ្ជាក់ថា កម្លាំងទាហានហ្វីលីពីន កំពុងតែបើកការបោះសម្អាតក្រុមភេរវកម្ម ដែលបានលាក់ខ្លួននៅទីក្រុង Marawi ខ្មាន់កាំភ្លើងប្រមាណជិត១០០នាក់កំពុងតែលាក់ខ្លួននៅក្នុងស្រុកBasang , Malultlut , Bangon ក្នុងទីក្រុង Marawi។
កម្លាំងទាហានរដ្ឋាភិបាលបើកការវាយលុក ពីលើដែនអាកាស និងថ្មើរជើង ដោយរថក្រោះ រថពាសដែក ដណ្តើមគ្រប់គ្រងទីក្រុង ម៉ារ៉ាវី ។ ឧទ្ធម្ភាគចក្រ បានវាយប្រហារទីតាំងដែលក្រុម ម៉ៅទេ លាក់ខ្លួន បង្កឲ្យ ផ្សែងខ្មៅខ្មួលខ្មាញ់នៅតំបន់នោះ។ នៅមុនពេលវាយប្រហារ កម្លាំងទាហាន បានជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ ទៅទីតាំងមានសុវត្ថិភាព។
អ្នកនាំពាក្យកម្លាំងទាហានហ្វីលីពិនបានឲ្យដឹងថា ក្រុមឧទ្ទាមបានប្រើប្រាស់បណ្តាញសង្គមដើម្បី បំផ្លោងព័ត៌មានថា កម្លាំងរបស់ខ្លួនជាច្រើនបង្កប់នៅទីនេះ ប៉ុន្តែការពិត មានខ្មាន់កាំភ្លើងតែ ប៉ុន្មានសិបនាក់ប៉ុណ្ណោះ។
នៅពេលនេះ រថយន្តយោធា រថពាសដែក រថក្រោះបានបង្ហាញខ្លួននៅគ្រប់ទិសទីក្នុងទីក្រុង ម៉ារ៉ាវី។ អ្នកនាំពាក្យកម្លាំងទាហានហ្វីលីពីនបានឲ្យដឹងថា ក្រុមឧទ្ទាម មិនអាចតដៃបានឡើយជាមួយការវាយប្រហាររបស់យោធា។
នៅក្នុងការវាយប្រហារនោះ បណ្តាលឲ្យទាហាន៥នាក់ និងប៉ូលិស២នាក់ស្លាប់ផងដែរ ។ ចំណែក ភាគីក្រុម ម៉ៅទេ ក៏មាន១៣នាក់ស្លាប់ ។
ក្រុមបះបោរ ម៉ៅទេ បានវាយប្រហារដណ្តើមគ្រប់គ្រង ទីផ្នែកមួយនៃទីក្រុងម៉ារ៉ាវី កាលពីថ្ងៃទី២៣ ខែឧសភា ពេលនោះ ប្រធានាធិបតីឌូទើរទេ កំពុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ។ ក្រោយការវាយប្រហារ ប្រធានាធិបតី ក៏បានកាត់បន្ថយពេលវេលាទស្សនកិច្ច ហើយវិលត្រឡប់មកប្រទេសវិញដើម្បីកម្ចាត់ក្រុមភេរវកម្ម។
ប្រសិនបើហ្វីលីពីន មិនអាច វាយប្រហារកម្ចាត់ក្រុម ឧទ្ទាមដែលជិតស្និទ្ធនងក្រុម IS ទេនោះ ក្រុមនេះ នឹង «ពង្រីកសំបុក » បង្កើតកូនចៅកាន់តែច្រើន ពេលនោះជាការគ្រោះថ្នាក់យ៉ាងធំ មិនសម្រាប់តែ ហ្វីលីពីន ឬឥណ្ឌូនេស៊ីឡើយ គឺអាស៊ានទាំងមូល ។
ចំណែកនៅប្រទេសហ្វីលីពីន ភាគខាងត្បូងវិញ ក្រុមផ្សព្វផ្សាយសង្គមយុទ្ធសាស្ត្រ ដែលខ្នះខ្នែងភ្ជាប់ខ្លួននឹងពួក ISបានផុសផុលចេញពីក្រុមចោរព្រៃ និងក្រុមអ្នកបំបែកខ្លួនជាច្រើន ហើយរហូតមកដល់ពេលនេះ វាបង្ហាញឲ្យឃើញការប៉ះទង្គិចគ្នា ដោយយោធាកាន់តែច្រើនជាងមុន គឺក្រុមពួកឧទ្ទាម Maute កំពុងឡោមព័ទ្ធផ្នែកដ៏ធំនៃទីក្រុង Marawi ជាទីក្រុងមូស្លីមដ៏ធំនៅក្នុងតំបន់ Mindanao បន្ទាប់ពីការវាយឆ្មក់របស់កងកម្លាំងសន្តិសុខហ្វីលីពីន ទៅលើទីលាក់ខ្លួនរបស់ ក្រុមឧទ្ទាមត្រូវបានបែកការណ៍ ៕ ម៉ែវ សាធី