ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​កូន​៤នាក់​ប្តី​ចុះចោល​ផ្ទះ​ ហើយ​ឆបោក​ប្រាក់​អណិកជន​១៩ម៉ឺន​ដុល្លារ​អាមេរិក​ ត្រូវបាន​តុលាការ​ដោះលែង​

ចែករំលែក៖

ភ្នំពេញ​៖ ​ស្ត្រី​ម្នាក់​ជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដោយ​យក​រូប​ស្រី​ស្អាត​ប្រើប្រាស់​លើ​អា​ខោ​ន​របស់​ខ្លួន​ដើម្បី​ទាក់​ទាញ​បុរសអនិកជន​ខ្មែរ​រស់នៅ​ប្រទេស​ញ៉ូ​ហ្សឺ​ឡែ​នដើម្បី​ឆបោក​យក​ប្រាក់១៩ម៉ឺនដុល្លារអាមេរិក បានត្រូវលោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពី​ល្ងាច​ថ្ងៃទី២៦ ខែឧសភា ។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​បញ្ជាក់​ថា​ ការ​ដោះលែង​នេះ​ដោយសំអាងលើដើមបណ្តឹងដកពាក្យឈប់ប្តឹងនិងស្ត្រីរូបនេះ មានកូនតូចៗ៤នាក់នៅក្នុងបន្ទុក ពិសេសប្រាក់១៩ម៉ឺនដុល្លារនេះ ពុំមានបាត់បង់ទេ ពោលគឺនាងយកទៅទិញដីនិងសង់ផ្ទះជួលទុកដោះស្រាយជីវភាពប្រចាំថ្ងៃ។

បុរសអនិកជន​ខ្មែរ​រស់នៅ​ប្រទេស​ញ៉ូ​ហ្សឺ​ឡែ​នដែលជាដើមបណ្តឹងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ថា លោកមានទំនាក់ទំនងតាមទូរស័ព្ទនឹងស្ត្រីរូបនេះ តាំងពីអំឡុងឆ្នាំ២០១២រហូតដល់មានភាពស្និតស្នាលឈានដល់ស្នេហាឆ្លងដែនតាមរលកធាតុអាកាស ។ ក្រោយមក ក៏មានការផ្ញើលុយកាក់បន្តិចបន្តួចជាហូរហែរនៅប្រទេសកម្ពុជា រហូតដល់អំឡុងឆ្នាំ២០១៥ លោកចង់ឃើញរូបថតពិតរបស់ស្ត្រីរូបនេះ តាមរយៈហ្វេសប៊ុក ។

បុរសរូបនេះបានអះអាងថា តាមពិតនាងបានផ្ញើរូបថតពិតមកឲ្យខ្លួនមើលដែរ តែមិនចាប់អារម្មណ៍ ហើយពោលពាក្យថា សម្លេងពិរោះប៉ុណ្ណឹង ហេតុអ្វីក៏រូបរាងអ៊ីចឹង ។ ហេតុដូច្នេះហើយទើបនាងប្តូររូបថតក្នុងហ្វេសប៊ុកជាបន្តបន្ទាប់ ។ ប៉ុន្តែក្នុងអំឡុងពេលនេះ លោកនៅតែបន្តផ្ញើប្រាក់ឲ្យនាងរហូត សរុបដល់ឆ្នាំ២០១៧នេះ ប្រហែល២៧ម៉ឺនដុល្លារញ៉ូ​ហ្សឺ​ឡែ​ន ស្មើនឹង១៩ម៉ឺនដុល្លារអាមេរិក ដោយនាងបានប្រាប់ថា យកប្រាក់ទាំងអស់នេះទៅទិញដីនិងផ្ទះសម្រាប់ជួល ។

បុរសរូបនេះបានបន្តថា ដល់ពេលដែលលោកត្រូវមកប្រទេសកម្ពុជា ដើម្បីនិយាយគ្នារឿងរៀបការនោះទើបធ្លាយរឿងរញ៉េរញ៉ៃអំពីការប្រើរូបថតក្នុងហ្វេសប៊ុកមិនពិត បណ្តាលឲ្យលោកមានកំហឹងឈានដល់ការប្តឹងផ្តល់តែម្តង ។ ប៉ុន្តែពេលជួបនាងផ្ទាល់ទើបមានក្តីអាណិតអាសូរវិញ ព្រោះប្រាក់ទាំងអស់នេះ ពុំមានបាត់បង់ទេ ហើយម្យ៉ាងទៀត នាងមានកូនតូចៗ៤នាក់ក្នុងបន្ទុក រីឯប្តីបានចុះចេញចោលផ្ទះប្រហែល៤ឆ្នាំហើយ ។ ដូច្នេះ ទើបលោកសម្រេចចិត្តឈប់ប្តឹងនាងវិញ ។

ស្ត្រី​រូបនេះឈ្មោះ ហុង ស្រី​ដេ​ត អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​ធ្វើ​ចុងភៅ​តាម​ភោ​ជនី​ដ្ឋា​ន​ចិន ។ ចំណែកដើមបណ្តឹង​រឈ្មោះ អ៊ា មឿ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ អនិកជន​ខ្មែរ​រស់នៅ​ប្រទេស​ញ៉ូ​ហ្សឺ​ឡែ​ន​មានមុខរ​បរជា​អ្នក​បើកហាង​លក់​នំ​បុ័ង និង​មានស្រុក​កំណើត​នៅផ្ទះ​លេខ​៧៥ ផ្លូវ​លេខ​១២៣CC ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ៕ ចេស្តា


ចែករំលែក៖