ព័ត៌មានទាន់ហេតុការណ៍៖

ជោគវាសនា​ប្រធាន​អង្គការ​ក្តី​សង្ឃឹម​នៃ​ពលរដ្ឋ​កម្ពុជា​ ប្រើ​ហិង្សា​លើ​កូន​ស្រី​ជា​អនីតិជន​ តុលាការ​ប្រកាស​សាលក្រម​រសៀល​ថ្ងៃ​៩ មិថុនា​

ចែករំលែក៖

ភ្នំពេញ​៖ ​សំណុំរឿងប្រធានអង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុ​ជា​ជា​ជនជាប់ចោទ​ប្រើអំពើហិង្សាលើកូនស្រីដើមដែលជាអនីតិជន បានត្រូវតុលាការលើកយកមក​បើក​សវនាការជា​បន្តបន្ទាប់​ ទោះ​ជនជាប់ចោទ​គេចវេះ​ពុំ​ចូល​សវនាការ​ក៏ដោយ​ ។​ ទីបំផុត​លោក​ សេង​ លាង​ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កំណត់​យក​រសៀល​ថ្ងៃ​ទី​៩​ ខែ​មិថុនា​ ខាង​មុខ​នេះ​ ដើម្បី​ប្រកាស​សាលក្រម​ ។

មជ្ឈដ្ឋាន​មួយ​ចំនួន​រង់ចាំ​មើល​ថា​ តើ​ជោគវាសនា​របស់​ ជនជាប់ចោទ​ឈ្មោះ​ ភុំ​ មុនីរ័ត្ន​ នឹង​ត្រូវ​តុលាការ​សម្រេច​យ៉ាងណា​ដូចម្ដេច​ ។​

ប្រធានអង្គការរូបនេះឈ្មោះភុំ មុនីរត័្ន អាយុ២៧ឆ្នាំ មាន​ទីលំនៅផ្ទះលេខ២៧ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានត្រូវព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទាក់ទងទៅនឹងជនរងគ្រោះជាអនីតិជន តាមដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរ ចុះថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៦។ ប៉ុន្តែជនត្រូវចោទខាងលើនេះស្ថិតនៅក្រៅឃុំ។

តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌឃើញថា ប្រធានអង្គការរូបនេះត្រូវប្រឈមនឹងការជាប់ពន្ឋនាគារពី២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លារៀល ទៅ ១០លានរៀល បើសិន ជាតុលាការរកឃើញថាមាន​ពិរុទ្ធភាព​ដូចការចោទប្រកាន់នេះមែន។

ក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរបានបញ្ជាក់ថា ឈ្មោះ មាស ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ បានទៅលេងកូនស្រីបង្កើតរបស់គាត់ឈ្មោះទូច សុម៉ានិតា អាយុ១២ឆ្នាំ និង ទូច មុនីនាថ អាយុ៧ឆ្នាំ នៅសាលារៀនពិភពថ្មី។ ពេលនោះឈ្មោះទូច មុនីនាថ បានប្រាប់ ឪពុកថា បងស្រីឈ្មោះទូច សុម៉ានិតា ត្រូវឪពុកចុងឈ្មោះភុំ មុនីរ័ត្ន ប្រើអំពើហិង្សាវាយដំ ចាប់បង្ខំពួកខ្លួនទាំង២នាក់បងប្អូនអោយចូលទៅក្នុងបន្ទប់ រួចស្រាតខោអាវចេញរួចនៅសល់តែខោជើងខ្លី រួចក៏យករំពាត់ឬស្សីវាយកូនស្រីទាំង២នាក់ អោយរបួសស្នាមលើដងខ្លួន ដៃ និងជើង យ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីបានលឺកូនស្រីប្រាប់ហើយ ឈ្មោះមាស ឡេង បានសុំអោយអ្នកគ្រូទទួលបន្ទុកថ្នាក់របស់កូនស្រីឈ្មោះអ្នកគ្រូ វណ្ណ រី ជួយឆែកនិងពិនិត្យលើរូបរាងកាយ កូនស្រីឈ្មោះទូច សុម៉ានិតា ឃើញមានស្នាមរបួសជាំ ឈាមនៅលើផ្លូវរបស់កូន ហើយក៏បាន ថតទុកជាភស្តុតាង។

តាមការអះអាងពីកុមារីទាំង២នាក់ខាងលើនេះថា ឈ្មោះភុំ មុនីរ័ត្ន ត្រូវជាឪពុកចុងតែង តែប្រើអំពើហិង្សាវាយដំលើខ្លួនប្រាណធ្ងន់ធ្ងរនិងផ្លូវចិត្តរបស់អ្នកទាំង២ជាប្រចាំ។ ពេលខ្លះ ឈ្មោះភុំ មុនីរ័ត្ន បានអោយអ្នកទាំង២លុតជង្គង់រយៈពេល២ទៅ៣ម៉ោងនិងយករំពាត់ឬស្សី វាយធ្វើបាប និងគំរាមកំហែងមិនអោយនិយាយប្រាប់អ្នកណាឡើយ បើហ៊ាននិយាយប្រាប់គេ នឹងវាយធ្វើបាបកាន់តែខ្លាំងជាងមុនទៀត។ រហូតដល់ពួកខ្លួនទ្រាំលែងបាន ក៏លួចរត់ទៅផ្ទះអ៊ុ ឈ្មោះពេជ្រ សុភាព និងអ៊ុ ឈ្មោះសៀក វណ្ណារី អោយជួយពួកខ្លួនទៅជួបឪពុកឈ្មោះមាស ឡេង វិញ ព្រោះពួកខ្លួនពុំចង់ជួបនិងរស់នៅជាមួយម្តាយឈ្មោះពេជ្រ ចិន្តា និងឪពុកចុងឈ្មោះ ភុំ មុនីរ័ត្ន ដោយខ្លាចថ្ងៃណាមួយឪពុកចុងចាប់រំលោភសេពសន្ថវៈ។

ក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួរនេះ លោកព្រះរាជអាជ្ញារងខាំ សុផារី បានស្នើដាក់ជនត្រូវចោទនេះស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការឬបញ្ចប់បទល្មើសកុំអោយកើតឡើងជាថ្មី និង ធានារក្សាជនត្រូវវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី។ ប៉ុន្តែនៅដំណាក់កាលចៅក្រមស៊ើបសួរពុំបានឃុំខ្លួនជនត្រូវចោទឈ្មោះភុំ មុនីរ័ត្ន នេះទេ គ្រាន់តែដាក់អោយស្ថិតក្រោមការត្រូតពិនិត្យតាមផ្លូវតុលាការ​ប៉ុណ្ណោះ​ ៕ ចេស្តា

 


ចែករំលែក៖