ភ្នំពេញ៖ ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ចំនួន ៨៣២នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (សាខាទួលស្លែង) ក្រោមអធិបតីភាពរបស់លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី ។
តាមរបាយការណ៍របស់លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឲ្យដឹងថា៖ សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាជាភាសាអង់គ្លេស 12 កម្រិត ដោយចែកចេញជាពីរកម្រិត៖ ១. Level 1-6 សម្រាប់កុមារ (Young Learners) និង ២. Level 7-12 សម្រាប់មនុស្សពេញវ័យ (Adult Learners)។ បច្ចុប្បន្ននេះ សិស្សភាសាអង់គ្លេស Level 6 ដែលបានប្រឡងបញ្ចប់ទាំង ៤២ជំនាន់ មានចំនួន ១០.៩៨៣នាក់។ សាលាប៊ែលធី អន្តរជាតិ បានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៧ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ (សិក្សាពីទស្សនទានព្រះពុទ្ធសាសនា ច្បាប់ចរាចរណ៍ផ្លូវគោក និងការយល់ដឹងពីគ្រឿងញៀន) ទី២.កម្មវិធីពង្រឹងស្មារតី (ការប្រកួតប្រជែងនិយាយជាសាធារណៈ ការប្រកួតប្រជែងនិយាយជាភាសាអង់គ្លេស និងវេទិកាជជែកពិភាក្សាជាសាធារណៈ) ទី៣.កម្មវិធីទស្សនកិច្ចសិក្សា (ព្រះប្ររមរាជវាំង សារមន្ទីរជាតិ និងតំបន់ទេសចរណ៍នានា) ទី៤.កម្មវិធីសិក្សាតាមទូរទស្សន៍ (សិក្សាពីចម្រៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ) ទី៥.កម្មវិធីប្រឡងសំណេរភាសាខ្មែរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ។
ក្នុងឱកាសនោះផងដែរ លោក លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។ លោក បានមានប្រសាសន៍ថា សមិទ្ធិផល និងការរីកដុះដាលរបស់ប៊ែលធី គ្រុប ពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាណាព្យាបាល សិស្សានុសិស្ស និស្សិត ស្ថាប័ននានា ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។ លោក បានបន្ថែមទៀតថា បច្ចុប្បន្ននេះ ប៊ែលធី ក៏មានសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិមួយ ដែលកំពុងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ហើយក៏នឹងផ្តល់អាហារូបករណ៍ ២០% ជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ និងESL, Level 12 ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ តាមកម្មវិធីជាភាសាជាតិ(National Program (បង្រៀនជាភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស) និងផ្តល់អាហារូបករណ៍ ៥០% ជូនដល់សិស្សប៊ែលធីផងដែរ លើកម្មវិធីជាអន្តរជាតិ(International Program) ដែលមានស្រាប់ (បង្រៀនជាភាសាអង់គ្លេស)។
លោក ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ Level 12 ផ្នែកភាសាអង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ (TOEFL ឬIELTS) ឲ្យបានពិន្ទុយ៉ាងតិច 6.5 ឡើងទៅសម្រាប់ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។ បន្ទប់មក លោក ប្រធានគណៈអធិបតី និងលោកស្រី ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រជូនដល់សិស្សជ័យលាភីទាំង ៨៣២នាក់ នាពេលនោះផងដែរ ៕ ស រស្មី