ភ្នំពេញ៖ ការលក់ដូរ និងពិសាគ្រឿងស្រវឹង នឹងត្រូវកំណត់មិនឲ្យមានមួយថ្ងៃមុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ពោលគឺនៅថ្ងៃទី៣ និងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ។
យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ បានលើកឡើងថា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិ ធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងបាតុភាពនានា ដែលអាចកើតមានឡើងដោយសារតែការពិសាគ្រឿងស្រវឹងនោះ រាជរដ្ឋាភិបាល សូមណែនាំដូចខាងក្រោម៖
១-ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រ កម្ពុជាត្រូវរួមសហការជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ពាណិជ្ជករ និងអាជីវករដោយ ត្រូវផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ ដើម្បីរួមចំណែកទប់ស្កាត់អំពើ ហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលអាចបណ្តាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។
២-ក្រសួង ស្ថាប័ន កងរាជអាវុធហត្ថ កងនគរបាលជាតិរួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ត្រូវបំពាក់បំប៉នដល់មន្ត្រីរាជការក្រោមឱវាទ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ និងផ្សព្វផ្សាយ អប់រំណែនាំប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួនអនុវត្តការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង ក្នុងគោលបំណងធ្វើឲ្យកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះប្រព្រឹត្តទៅក្នុងបរិយាកាស នយោបាយល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និង គ្មានអំពើហិង្សា។
៣-រដ្ឋមន្ត្រីក្រសួងព័ត៌មានត្រូវសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីផ្សព្វផ្សាយសេចក្តីណែនាំនេះតាមគ្រប់ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជនជូន ដល់ប្រជាពលរដ្ឋខ្មែរ ជនបរទេស ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឲ្យបានយល់ជ្រួតជ្រាប និងអនុវត្តឲ្យមានប្រសិទ្ធភាព ៕ ហេង សូរិយា