ព័ត៌មានទាន់ហេតុការណ៍៖

រួមគ្នាជួយកុមារនៅអង្គការCCFថ្ងៃទិវាកុមារអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មានកុមារមកពីគ្រួសារក្រីក្រ និងកុមារកំព្រា ប្រមាណ៧២០នាក់កំពុងស្នាក់នៅ សិក្សានិងត្រូវការជំនួយពីសប្បុរសជនបន្ថែមដើម្បីបន្តការរស់នៅនិងសិក្សារបស់ពួកគេ។ ដើម្បីជាកម្លាំងចិត្ត និងជាការជួយសម្រាលការលំបាករបស់ពួកគេ រោងភាពយន្ត Legend បានបង្កើតឲ្យមានកម្មវិធីសប្បុរសធម៌មួយរួមគ្នាជាមួយសប្បុរសជន។

កម្មវិធីនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ នៅទីតាំងអង្គការCambodia Children Fund (CCF) ស្ទឹងមានជ័យសង្កាត់មានជ័យរាជធានីភ្នំពេញ។ តំណាងរោងភាពយន្តLegend បានលើកឡើងថា នេះមិនមែនជាព្រឹត្តិការណ៍លើកដំបូងទេដែលLegend បានបង្កើតឡើង ហើយនេះគឺជាផ្នែកមួយនៃការជួយត្រឡប់ទៅសង្គមវិញអស់រយៈពេល៦ឆ្នាំមកហើយ។

ប្រភពបន្តថា នេះគឺជាកម្មវិធីថ្មីដែលធ្វើឡើងដើម្បីចូលរួមលើកទឹកចិត្តដល់កុមារដែលកំពុងប្រឈមនឹងភាពខ្វះខាត បាត់បង់កម្លាំងចិត្ត និងរស់នៅជាមួយនឹងជំងឺប្រចាំកាយ។ អ្វីដែលយើង នឹងរួមគ្នាធ្វើនៅពេលនេះព្រោះយើង ស្រឡាញ់ យើងយកចិត្តទុកដាក់ យើងចែករំលែក និងយើង ផ្គត់ផ្គង់ដល់ពួកគេ។

មានការបញ្ជាក់ដែរថាកម្មវិធីនេះនឹងផ្តល់ឱកាសដល់ក្រុមហ៊ុន ដៃគូសហការ សប្បុរសជនដែលមានបំណងចូលរួមជួយដល់ពួកគេ ទាំងសម្ភារៈសិក្សា អាហារ និង ថវិកា ទាំងការអញ្ជើញទៅចូលរួមដោយផ្ទាល់ និងផ្តល់មកកាន់រោងភាពយន្តLegend ក្តី។ ក្រៅពីការជួយជាសម្ភារៈ អាហារ និងថវិកា រោងភាពយន្ត មួយនេះក៏បានប្រកាសទទួលយកអ្នកមានបំណងជួយរៀបចំកម្មវិធីនានា ពីក្រុមយុវជនស្ម័គ្រចិត្តផងដែរ។ ប្រអប់សំបុត្រសម្រាប់ទទួលជំនួយពីសប្បុរសជនចាប់ពីថ្ងៃទី២៥ខែឧសភានេះតទៅ នៅគ្រប់រោងភាពយន្តLegend ។

គួរបញ្ជាក់ដែរថា កម្មវិធីខាងលើ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១មិថុនាខាងមុខនេះដោយព្រឹកចាប់ពីម៉ោង២ដល់ម៉ោង ១១ នឹង៣០ នាទី ដែលមានការថ្លែងសន្ទរកថា ស្វាមគមន៍ ពីតំណាងអង្គការCCF ពីរោងភាពយន្ត Legend ការចែកអំណោយដល់សិស្សានុសិស្ស ការលេងហ្គេមកម្សាន្តសម្រាប់កុមារការថតរូបជុំគ្នាជាដើម។ នៅរសៀលថ្ងៃដដែលក៏នឹងមានកម្មវិធីពិសេសៗជាច្រើនទៀតដូចជាការសម្តែង និងច្រៀងរបស់ក្រុមកុមារមកពីអង្គការCCF ហើយក៏នឹងមានការចាក់បញ្ជាំងភាពយន្ត គំនូរជីវចលដ៏ល្បីល្បាញគឺរឿង”Sing”ផងដែ រ៕ វឌ្ឍនា


ចែករំលែក៖