ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីរថយន្តដឹកដីមួយគ្រឿង បានបើកបុកសត្វគោ ដែលម្ចាស់មិនគៀងចូលក្រោលបានមកដេកតាមផ្លូវសាធារណៈបណ្តាលឲ្យងាប់២ក្បាល កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រមួយកន្លែង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញសត្វគោកមួយហ្វូង បានមកដេកនៅតាមដងផ្លូវដោយមិនដឹងម្ចាស់នៅទីណា ក្រោយមកស្រាប់តែឃើញមានរថយន្តដឹងដីមួយគ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដោយមិនចាំម៉ាកនិងស្លាកលេខបានមកបុកចូលហ្វូងគោទាំងនោះ ហើយក៏បន្តដំណើរគេចបាត់ ដោយបណ្តាលឲ្យសត្វគោចំនួន២ក្បាលបានដេកងាប់នៅកន្លែងកើតហេតុ ចំណែកសត្វគោមួយចំនួនទៀតបានរត់ចេញពីកន្លែងកើតហេតុអស់។
ក្រោយមក អ្នកឃើញហេតុការណ៍ ក៏រាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ។ លុះរយះពេល១ម៉ោងក្រោយមក ស្រាប់តែមានបុរសម្នាក់ឈ្មោះ យន់ មករា អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានមកអះអាងថា សត្វគោកទាំង២ក្បាលដែលងាប់នោះជាគោរបស់គាត់ ដោយគាត់មានសត្វគោដែលចិញ្ចឹមចំនួន៧ក្បាលមានទាំងញី និងឈ្មោលផង។
ក្រោយមកសមត្ថកិច្ចបានប្រគល់សត្វគោដែលងាប់ទៅម្ចាស់ដឹកតាមរទះយកទៅផ្ទះ ៕ សុខាសែនជ័យ