ខេត្តកោះកុង៖ ប្រជានេសាទខេត្តកោះកុងបានឲ្យដឹងថា ទូកនេសាទជនជាតិវៀតណាម និងថៃបានពពាក់ពពូនចូលនេសាទក្នុងដែនទឹកខ្មែរ ក្រោមក្រសែភ្នែកដែលពោរពេញដោយផលប្រយោជន៍របស់មន្ត្រីជលផល ក៏ដូចជាគណៈកម្មការបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ។ ក្នុងនោះលោក ឡាង គិរី នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តកោះកុង ត្រូវគេរាយការណ៍ថា ទទួលបានលាភសក្ការយ៉ាងជក់ចិត្តពីបទល្មើសទាំងនេះ ។
ប្រជានេសាទខ្មែរនៅខេត្តកោះកុងបានឲ្យដឹងទៀងថា ទូកនេសាទវៀតណាម និងថៃមករកស៊ីតាមតែអំពើចិត្តដោយគ្រាន់តែបង់លុយឲ្យគណៈកម្មការបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រប៉ុណ្ណោះ ។ ចំពោះទូកនេសាទខ្មែរ ដែលនេសាទជាលក្ខណៈគ្រួសារត្រូវបានគណៈកម្មការនេះរឹតបន្តឹងចាប់ផាកពិន័យជារៀងរាល់ថ្ងៃ ។
ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ជាតំបន់ទូកនេសាទវៀតណាម និងថៃចូល មកនេសាទយ៉ាងអនាធិបតេយ្យដោយប្រើប្រាស់ឧបករណ៍នេសាទទំនើបៗចូលមកនេសាទក្បែរទីតាំងគណៈកម្មការបង្ក្រាប បទល្មើសតែម្តង។
គណៈកម្មការបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រដឹកនាំដោយលោកប៊ុន លើត អភិ បាលខេត្តកោះកុងជាប្រធាន និងលោកវរ សេនីយ៍ឯក យឹម សម្បត្តិ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកោះកុងជាអនុ ប្រធានប្រចាំការនៅតំបន់កោះស្តេចតែម្តង។
តាមសម្តីមន្ត្រីបង្ក្រាបបទល្មើសនេសាទក្នុងដែនសមុទ្រប្រចាំការនៅកោះស្តេច បានបង្ហើបឲ្យដឹងថា ក្នុងមួយខែៗគណៈ កម្មការនេះប្រមូលប្រាក់បានរាប់ម៉ឺនដុល្លារពីទូកនេសាទវៀតណាម និងថៃ ហើយការ បង់ចូលថវិការដ្ឋគឺមានតិចតួចបំផុតព្រោះបានឃុបឃិតគ្នាប្រមូលដាក់ហោប៉ៅរៀងៗ ខ្លួន ។
មិនអាចទាក់ទងលោក ឡាង គិរី នាយ ខណ្ឌរដ្ឋបាលជលផលខេត្តកោះកុងបាន ទេដើម្បីសុំការបំភ្លឺពាក់ពន្ធ័ទូកនេសាទវៀតណាមនិងថៃចូលមកនេសាទលើសមុទ្រ កម្ពុជាក្នុងទឹកដីខេត្តកោះកុងនេះ។
ប្រជានេសាទបានប្រាប់ឲ្យដឹងបន្តថា លោក ហិន ឡា ជាអ្នកដើរប្រមូលលុយពីទូកនេសាទមកឲ្យមេរបស់ខ្លូនឈ្មោះ ថ្លាង គិរី ជានាយខណ្ឌជលផលខេត្តកោះកុង។ សូម្បីតែប្រជានេសាទស្រុកស្ទឹងហាវក៏ ប្រមូលលុយឲ្យទៅលោក ហិន ឡា ជារៀង រាល់ខែផងដែរក្នុងមួយទូកមិនក្រោមពី មួយលានរៀលនោះឡើយ បើមិនដូច្នេះទេ ពេលចេញទៅនេសាទប្រឈមនឹងការដេញចាប់ពីមន្ត្រីជលផលខេត្តកោះកុងជាក់ជា មិនខាន ។
ប្រជានេសាទខេត្តកោះកុងសូមអំពាវនាវដល់រដ្ឋាភិបាលឲ្យពង្រឹងការអនុវត្តច្បាប់ នេសាទនៅលើផ្ទៃសមុទ្រឲ្យមានប្រសិទ្ធភាព ព្រោះសព្វថ្ងៃនេះបទល្មើសនេសាទកើតឡើងយ៉ាងអនាធិបតេយ្យគ្មានអ្នក បង្ក្រាបនោះទេ គឺមានតែអ្នកប្រមូលលុយ ធ្វើឲ្យបាត់បង់ថវិកាជាតិ ៕ ហេង សូរិយា