ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជិត៨ពាន់នាក់ចាញ់បោកក្រុមហ៊ុនមួយ និងអង្គការពីរសរុបទឹកប្រាក់ជាង៦០លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ករណីឆបោកជាប្រព័ន្ធ និងទ្រង់ទ្រាយធំមួយគិតជាទឹកប្រាក់ជាង៦០លានដុល្លារក្រោមរូបភាពថា យកលុយទៅដាក់ និងបានថ្លៃការប្រាក់ខ្ពស់ប្រចាំខែ​ ប៉ុន្តែតាមការពិតនៅពេលយកលុយទៅដាក់ហើយបានការស៊ីពី២ទៅ៣ខែប៉ុណ្ណោះ លុះខែបន្ទាប់មិនទទួលានការប្រាក់ ព្រមទាំងអស់លុយដើមទៀតផង ។

ករណីឆបោកក្នុងរូបភាពដ៏មួយនេះ បានកើតឡើងជាច្រើនខែមកហើយៗបើគិតត្រឹមថ្លៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ប្រជាពលរដ្ឋរងគ្រោះមានរហូតដល់ជាង៨.០០០នាក់ឯណោះ ប៉ុន្តែទើបតែ មានប្រជាពលរដ្ឋ៣៥នាក់បានដាក់ពាក្យ បណ្តឹងទៅក្រសួងមហាផ្ទៃ។ ដោយសារតែ ការចាញ់បោករហូតដល់អស់ប្រាក់រាប់លានដុល្លារបែបនេះទើបនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ មន្រ្តីរាជរដ្ឋាភិបាលនិងសមត្ថកិច្ចក្រសួងមហាផ្ទៃបានរៀបចំធ្វើសន្និសីទ កាសែតមួយដើម្បីពន្យល់និងបកស្រាយ បញ្ហាទាំងនេះដល់សាធារណជន ជាពិសេស ជនរងគ្រោះឲ្យបានជ្រាប ។

លោក ងី ចន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, លោក កើត រិទ្ធ រដ្ឋលេខា ធិការក្រសួងយុត្តិធម៌, លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ព្រមទាំង ថ្នាក់ដឹកនាំមួយចំនួនទៀតបានធ្វើសន្និសីទកាសែតរួមគ្នានៅក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ។

លោក ងី ចន្ទ្រផល បានថ្លែងថា ក្រោយ ពីការចាញ់បោកក្រុមអង្គការ និងក្រុមហ៊ុន រួចមកពលរដ្ឋរងគ្រោះបានដាក់ពាក្យបណ្តឹង មកក្រសួងមហាផ្ទៃ និងតុលាការដើម្បីឲ្យ ជួយដោះស្រាយ។ ក្រោយទទួលពាក្យ បណ្តឹងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំធ្វើសន្និសីទសារព័ត៌មានជាសាធារណៈស្ដីពីចំណាត់ការផ្លូវច្បាប់ចំពោះអង្គការមូលនិធិអាស៊ីអាគ្នេយ៍(AIF), សមាគមអ្នកប្រឹក្សា យោបល់ផ្នែកវិនិយោគ(ICA), ក្រុមហ៊ុន ប៊ីអិន អុីនវេសម៉ិន អ៊ែតវ៉ាយហ្សឺរី និងក្រុម ហ៊ុន EBC ព្រមទាំងបុគ្គលពាក់ព័ន្ធក្នុង ករណីប្រតិបត្តិការគ្មានការអនុញ្ញាតក្នុង វិស័យមូលបត្រ ។

លោក ងី ចន្ទ្រផល បានបន្តថា ក្រសួង បានទទួលពាក្យបណ្តឹងមកមានច្រើនករណីក្នុងនោះមានស្នាមមេដៃផ្តិតនៅតាមពាក្យ បណ្តឹងមានប្រហែល៧៤៣០នាក់ដែល ពាក្យបណ្តឹងទាំងនេះក្រសួងមហាផ្ទៃទទួលបាន និងបានបញ្ជូនទៅតុលាការ។ ក្នុងនោះមានពាក្យបណ្តឹងមួយចំនួនអ្នករងគ្រោះក៏បានបញ្ជូនទៅតុលាការដោយខ្លួនឯងផងដែរ ។

លោក ងី ចន្ទ្រផល បានបញ្ជាក់ថា ថវិកាដែលយកមកបូកសរុបទៅខ្ទង់៦០លានដុល្លារអាមេរិកគឺម្នាក់ៗស្មើនឹងជិត៨ពាន់ដុល្លារនេះគិតជាមធ្យម។ ក្រុមនេះ មានបំណងធ្វើឲ្យមានហានិភ័យក្នុងសង្គម និងបង្កឲ្យមានបញ្ហាសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ព្រោះមានអ្នកខ្លះដាក់លុយទៅ១ ពាន់ដុល្លារឃើញតួលេខកើនឡើងក៏ដាក់លុយបន្ថែមទៀតរហូតមានអ្នកខ្លះលក់ដី និងលក់ផ្ទះជាដើមដើម្បីបានលុយច្រើនពី ក្រុមហ៊ុនទាំងនោះមកវិញ ។

ក្រសួងពាក់ព័ន្ធក៏បានបង្ហាញមុខ សញ្ញាជនឆបោកយកលុយប្រជាពលរដ្ឋ ក្នុងវិស័យមូលបត្រទាំងនោះផងដែរ ហើយ នៅពេលនេះកំពុងមានចំណាត់ការនិងស្រាវជ្រាវតាមចាប់ខ្លួន ។

លោកស្រី ងួន សុខា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា សកម្មភាពជនមួយចំនួនធ្វើកន្លងមកមិនមែនជាសកម្មភាពដែលផ្អែកទៅលើមូល បត្រទេ វាជាសកម្មភាពបោកប្រាស់ដែលប្រមូលលុយពីប្រជាពលរដ្ឋដោយសន្យា ផ្តល់ទៅប្រជាពលរដ្ឋនូវចំណូលដ៏ខ្ពស់ ក្នុងអត្រាការប្រាក់១០ភាគរយក្នុងមួយខែឬ ១២០ភាគរយក្នុងមួយឆ្នាំ ។

លោកស្រី ងួន សុខា បានថ្លែងថា សកម្មភាពនេះមិនមែនកើតឡើងតែលើកទីមួយនៅក្នុងប្រទេសយើងនោះទេ Cashiers ប្រតិបត្តិការពីរ៉ាមីតនេះគឺជាការដើរ ប្រមូលលុយតៗគ្នាពីប្រជាជនដែលមកដាក់ ខ្លួនឯងដំបូងហ្នឹងទៅប្រមូលមនុស្សបន្តៗគ្នាគឺបានកើតមានឡើងនៅលើពិភពលោក ពិសេសប្រទេសធំៗហើយប្រតិបត្តិការនេះវាបានបែកធ្លាយនៅពេលដែលអ្នករង គ្រោះបានដាក់ពាក្យបណ្តឹងហើយករណីនេះធ្វើឲ្យអាជ្ញាធរមានការលំបាកក្នុងការ បង្រ្កាបណាស់ ព្រោះវាមានលក្ខណៈដូចជាប្រជាជននាំគ្នាលេងតុងទីនអ៊ីចឹង ។

លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួង យុត្តិធម៌បានបញ្ជាក់បន្ថែមថា ករណីនេះជាសុំណុំរឿងដ៏ធំមួយសម្រាប់កម្ពុជាដែលធ្វើឲ្យពលរដ្ឋកម្ពុជាជាច្រើនពាន់នាក់បាន រងគ្រោះ និងខាតបង់ថវិកាអស់រាប់សិបលានដុល្លារ ហើយខាងក្រសួងបានទទួលពាក្យបណ្តឹងនេះរួចខ្លះហើយនៅចាំតែការអនុវត្តតាមនីតិវិធីតុលាការតែប៉ុណ្ណោះ។

ប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានថ្លែងថា មេខ្លោងដែលឆបោកលុយពលរដ្ឋអស់រាប់សិបលានដុល្លារនេះគឺមានជនជាតិម៉ាឡេស៊ី និងខ្មែរតែសម្រាប់ជន ជាតិផ្សេងទៀតអាជ្ញាធរសុំលាក់សិន ។

រដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានលើកឡើងថា ពេលនេះសមត្ថ កិច្ចនគរបាលក្រសួងមហាផ្ទៃបានទទួលពាក្យបណ្ដឹងប្រជាពលរដ្ឋចំនួន៧៤៣០ នាក់ហើយៗបណ្ដឹងទាំងនេះក៏ស្ថិតនៅក្នុងដៃរបស់តុលាការផងដែរ ប៉ុន្តែលោកសុំមិនបង្ហាញអត្តសញ្ញាណនិងចំនួនជនឆបោកទាំងនេះទេ ពីព្រោះរឿងនេះស្ថិតក្នុងការស្រាវជ្រាវនិងតាមប្រមាញ់ដើម្បីឈាន ដល់ការចាប់ខ្លួនមេខ្លោង ។

លោក កើត រិទ្ធ បានបន្ថែមថា អាជ្ញាធរ កម្ពុជានឹងផ្សព្វផ្សាយឲ្យទូលាយទូទាំង ប្រទេសដើម្បីឲ្យពលរដ្ឋយល់ដឹងពីល្បិច កលរបស់ជនល្មើសដែលប្រើប្រាស់គ្រប់ រូបភាពក្នុងការឆបោកយកលុយពីពលរដ្ឋ ក្នុងនោះមានដូចជាការវិនិយោគទុននៅ កម្ពុជាចងការប្រាក់បានភាគរយខ្ពស់និងមានចំណុចសំខាន់ផ្សេងទៀត ។

លោក ងី ចន្ទ្រផល លោកស្រី ងួន សុខា បានបញ្ជាក់ដូចគ្នាថា ពាក់ព័ន្ធនឹងមូលបត្រ បច្ចុប្បន្ននេះមិនទាន់មានច្បាប់នៅឡើយ ដែលកន្លងមកអ្នកឆបោកតែងតែប្រើគ្រប់ល្បិចកលដើម្បីបានលុយ។ លោកស្រីបាន បញ្ជាក់ថា រូបភាពឆបោកនេះមានជាច្រើន ប្រទេសកុំថាឡើយកម្ពុជាកន្លងមកកូន របស់លោកស្រីដែលជានិស្សិតរៀននៅក្រៅប្រទេសក៏ធ្លាប់ត្រូវអ្នកឆបោកលួងលោមដែរ ។

សូមបញ្ជាក់ថា ករណីឆបោកលុយរាប់លានដុល្លារនៅកម្ពុជានេះកើតឡើងជាច្រើនឆ្នាំមកហើយរយៈពេលចុងក្រោយនេះ ហើយចំណុចខ្លះក៏ត្រូវបានអាជ្ញាធរ ទប់ស្កាត់ ប៉ុន្តែចំណុចខ្លះទៀតមិនបានទប់ស្កាត់ឡើយ ៕ ហេង សូរិយា


ចែករំលែក៖