ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសតូចអាយុ១ខួបកន្លះលង់ទឹកធុងប៉េត្រូស្លាប់ ខណៈជីដូនរវល់រៀបចំឥវ៉ាន់នៅក្នុងផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការឆ្វេសប្រហែសតែមួយប៉ប្រិចភ្នែក ទើបបណ្តាលឲ្យចៅ កូនជាទីស្រលាញ់មានអាយុបានជាង១ឆ្នាំ ដាំក្បាលចូលក្នុងធុងប៉េត្រូដែលមានទឹកកន្លះធុងឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធមបំផុតធ្លាក់មកលើគ្រួសារក្រីក្រ ដែលកំពុងរស់នៅក្នុងភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋរស់នៅជិតខាងបានរៀបរាប់ដោយក្តីក្តុលក្តួលអួល ដើមទ្រូងស្ទើរតែទប់ទឹកភ្នែកពុំបានអាណិតអាសូរលើគ្រួសារក្រីក្រនេះថា ក្មេង ប្រុសតូចនេះតែងតែនៅជាមួយជីដូនវ័យជាង៧០ឆ្នាំរាល់ថ្ងៃ ហើយឪពុកម្តាយ គេជាកម្មករ កម្មការិនីនៅរោងចក្រកាត់ដេរនៅម្តុំទួលពង្រ។ ជារៀងរាល់ព្រឹក ពួកគាត់ពីរនាក់ប្តីប្រពន្ធចេញទៅធ្វើការបាត់ៗ ហើយទុកកូនប្រុសតូចនិងកូនស្រីម្នាក់ទៀតនៅជាមួយជីដូន លុះដល់ល្ងាចទើបត្រឡប់មកផ្ទះវិញ។ នៅថ្ងៃកើតហេតុនេះពេលត្រឡប់វិញឃើញកូនប្រុសតូចស្លាប់បាត់ ក៏ស្រែកយំគួរឲ្យ អាសូរបំផុត។

ជីដូនឈ្មោះ ឡុក សៀក អាយុជាង៧០ឆ្នាំ បានប្រាប់ឲ្យដឹងថា គាត់បាន ដាក់ចៅនៅលើគ្រែ ហើយគាត់អត់បានដឹងថាក្នុងធុងប៉េត្រូនោះមានទឹកនោះទេ គាត់កំពុងរៀបចំឥវ៉ាន់ក្នុងផ្ទះស្រាប់តែចេញមកវិញក៏ឃើញចៅដាំក្បាលចូលក្នុងធុងប៉េត្រូឈ្លក់ទឹកស្លាប់បាត់ទៅហើយ។ គាត់ពិតជាមានការសោកស្តាយបំផុត។

ដោយឡែកសមត្ថកិច្ចនគរបាលប៉ុសិ៍្តរដ្ឋបាលស្ពានថ្ម ក៏បានចុះដល់កន្លែងកើតហេតុបានបញ្ជាក់ប្រាប់ឲ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង៦និង០០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញ។ ក្មេងប្រុសរងគ្រោះមានឈ្មោះ ម៉េង ឧត្តម អាយុ១ឆ្នាំកន្លះ ម្តាយឈ្មោះ ធី ស៊្រាង អាយុ២៥ឆ្នាំ និងឪពុកឈ្មោះ ពុត ណូន អាយុ៣១ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរនៅម្តុំទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យពិនិត្យរួចរាល់ ក៏បានប្រគល់អនុញ្ញាតឲ្យក្រុមគ្រួសារនៃសពធ្វើបុណ្យទៅតាមប្រពៃណី៕ ឌិន សុខស៊ីថ


ចែករំលែក៖