ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្តិសង្ខេម លោក អ៊ិត​ សេដ្ឋា មុនពេលទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ៖ មរណភាពរបស់ពិធី​ករ​ល្បី​ឈ្មោះ​លោក​ អ៊ិត​ សេ​ដ្ឋា បានបង្កើតឲ្យមានការភ្ញាក់ផ្អើល និងសោកស្តាយខ្លាំងពីមហាជន ព្រោះតែជារឿងដែលមិននឹកស្មានដល់។ លោកបានស្លាប់ នៅ​ម៉ោង​ប្រមាណ​២ និង២៥ នាទី​រសៀល ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧ នា​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូ​វៀត ហៅ​ពេទ្យ រុស្ស៊ី​ក្នុង​អាយុ៤៧​ឆ្នាំ​បន្ទាប់ពីមានជំងឺប្រចាំកាយធ្ងន់ធ្ងរ។
លោកអ៊ិត សេដ្ឋា បានបន្តការងារជាពិធីករ ក្នងកម្មវិធី “មន្តស្នេហ៍សំនៀង” នាថ្ងៃសៅរ៍ ទី៣ ខែមិថុនា ពេលមកឆាកភ្លាម ស្ថានភាពរបស់លោក ទប់លំនឹងមិនជាប់ មិនមានកម្លាំង ហើយត្រូវក្រុមការងារកោសខ្យល់ និងបញ្ចូនទៅផ្ទះភ្លាមៗ។ លោក អ៊ិត សេដ្ឋា ស្ថិតក្នុងសភាពមិនអាចកម្រើកជើងបាន ដោយសារសម្ពាធឈាមនៅសល់តែ៧ ហើយដោយសារតែស្ថានភាពជំងឺរបស់លោក បានធ្វើទុក្ខ គឺបណ្ដាលឲ្យលោកមានជំងឺទាចទឹកដល់ដំណាក់កាលធ្ងន់ធ្ងរដែលមិនអាចជួយសង្គ្រោះបាន។សព​របស់​លោក​អ៊ិត​ សេដ្ឋា ត្រូវ​បានក្រុម គ្រួសារ​សាច់ញាតិដឹកទៅតំកល់ទុកនៅក្នុង​បរិវេណ​វត្ត​ឧត្ត​រាវត្តី ខណ្ឌ​ឬស្សីកែវ ។
ខាងក្រោម​នេះ​គឺជា​ជីវ​ប្រវត្តិស​ង្ខេប​របស់លោក​៖
លោក អ៊ិត សេដ្ឋា កើតឆ្នាំ១៩៧០ ក្នុង​ត្រកូលកសិករ​ក្នុង​ស្រុក​មោងឬស្សី​ខេត្ត​បាត់​ដំបង​ ។ មានឪពុក​ឈ្មោះ អ៊ិត ប្រង ម្តាយ​ឈ្ម យឹម សំអឿន ។ លោក​មានបងប្អូន៣នាក់ លោកគឺជាកូនច្បង។ ប្អូនទាំងពីររបស់លោក​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​របប​ប៉ុលពត​ និង​បែកពីឪពុកក្នុង​គ្រា​នោះដែរ។ ក្រោយប្រទេស​​ចប់​សង្គ្រាម​ លោកបានចូលសិក្សា​នៅ​វត្ត​ដំរីស​ខេត្ត​បាត់ដំបង​។ ឆ្នាំ១៩៨៦ លោក​បានប្រឡងសញ្ញា បត្រ​មធ្យម​សិក្សា​ទុតិ​យភូមិ(ឌីប្លូម) ហើយលោក​បាន​បន្ត​ការ​សិក្សា​នៅ​ជំរុំ ខាវអ៊ីដាង (ប្រទេសថៃ) ដល់ឆ្នាំ​១៩៨៧ និងឆ្លៀត​ពេលបម្រើ​ការងារ​ជា​គ្រូ​បង្រៀន​ថ្នាក់អក្ខរកម្ម​ដែល​រៀបចំឡើង​ដោយ​អង្គការ​RCICផងដែរ។ លោកត្រូវបាន​ម្តាយយកទៅផ្ញើនឹងសាច់ញាតិ នាខេត្ត​បាត់ដំបង​ និងឆ្លៀតប្រករបរ​អូសទឹក​លក់​និងលក់​ការ៉េម​យកថវិកា​ជួយដល់​ការសិក្សា​។ ក្នុង​អំឡុង​ឆ្នាំ​១៩៩០​ លោក​មានឱកាសចេញទៅ​បន្ត​ការ​សិក្សា​ថ្នាក់​ថត​រូប ថត​វីដេអូ និង ជំនាញStudio នៅទីក្រុង​បាង​កក​ប្រទេស​ថៃ។ ក្នុង​ឆ្នាំ​១៩៩២ លោកបាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​និងបានចូលបម្រើការងារនៅស្ថានីយ​ទូរទស្សន៍ IBC ដែល​ជាស្ថានីយទូរទស្សន៍ដ៏ល្បី​ដំបូង​គេនៅ​កម្ពុជា​ ក្នុង​នាម ជាអ្នក​បច្ចេក​ទេស​កាត់ត។ ដោយសារលោក​ចេះ​ភាសា​ថៃ និងអង់គ្លេស និងដោយសារ​ទូរទស្សន៍ខ្វះធន​ធាន​ផ្នែក​ពិធីករ​លោក​ត្រូវបានជ្រើស​រើស​ឲ្យ​ធ្វើការ​សាកល្បង​ក្នុងការ​កាន់​ការ​ងារ​ជាពិធីករ​សម្រាប់​ព័ត៌មាន​កីឡា។ ក្នុងឆ្នាំ១៩៩៤ ស្ថានីយទូរទស្សន៍IBC ត្រូវបានផ្តាច់​ខ្លួន​និងប្រគល់​ជូនទៅ​ក្រោម​ការគ្រប់​គ្រង​របស់​កង​យោធពល​ខេមរភូមិន្ទ​វិញ ហើយ​លោក​បានបន្តការ​ងារ​នៅទីនេះ​ដោយចាប់​ដៃ​គូ​ជាមួយ​នឹងអ្នកនាង​យុគ​ ចិន្តា​ក្នុង​កម្ម​វិធី​ហ្គេម​មហា​សប្បាយ។ លោក​បាន​បញ្ចប់​ការងារ​ជាពិធីករ​នៅស្ថានីយទូរទស្សន៍​នេះរហូត​ដល់​ឆ្នាំ​២០០១​ ដោយបាន​សម្រេចចិត្ត​ទៅ​បម្រើ​ការងារ​នៅសហរដ្ឋអាមេរិក​ ជាបុគ្គលិកទូរទស្សន៍​KBN​នា​ទី​ក្រុង​ឡុង​ប៊ិច។ ក្រោយ​បម្រើ​ការងារនៅ​ទី​នោះ​រយៈ​ពេល​១ឆ្នាំ​ លោកបាន​ផ្លាស់ប្តូ​មកបម្រើ​ការងារ​ឲ្យ​ស្ថានីយ​ទូរទស្សន៍Cam TV ផ្សាយ​ជា​ខេមរៈ​ភាសា​ នៅសហរដ្ឋអាមេរិក​ដដែល ។ ដោយសារមានភរិយា និងដល់ពេលដែល​ត្រូវ​វិលត្រឡប់​មក​វិញ​លោក​បាន​មកកម្ពុជា​វិញក្នុង​ឆ្នាំ​២០០៤​​ដោយចូល​បម្រើ​ការងារក្នុង​ទូរទ្សន៍​CTN ក្នុង​នាម​ជា​ពិធីករ និងជា​អ្នក​ផលិតកម្ម​វិធី។ លោក​គ្រប់​គ្រង​កម្មវិធី​មួយចំនួន​ដូចជា កម្មវិធី​”មន្តស្នេហ៍សំនៀង” “ទិដ្ឋភាពស្រុក​យើង” “បទចម្រៀង​តាម​សំណូម​ពរ” និងជាពិធីករ​ក្នុង​កម្មវិធី “ព្រមឬ​មិនព្រម” “អ្នក​នឹងក្លាយ​ជាសេដ្ឋី” ជាដើម។ លោក អ៊ិត សេដ្ឋា​ និង​អ្នក​ស្រី ​ស សុភាព​បាន​ចាប់​ដៃ​គ្នា​ជាប្តី​ប្រពន្ធ​នៅ​ឆ្នាំ​១៩៩៩​ និងបង្កើត​បាន​កូន​ប្រុស​ស្រី​៣ហើយត្រូវបានបែកគ្នាកាលពីពាក់​កណ្តាល​ឆ្នាំ​២០១២។ ក្រោយ​មរណភាព​បន្ទុកបីចាច់ចិញ្ចឹមកូនប្រុសម្នាក់ដែល​ពិកា​ជើង និង​កូនស្រី​ពីរនាក់​ស្ថិត​នៅលើ​បន្ទុកម្តាយចាស់ជរា​ដែលមិនមាន​មុខ​របរអ្វី​ជាទីពឹង​​៕
វឌ្ឍនា


ចែករំលែក៖