ភ្នំពេញ: ប្រពន្ធបានដឹកដៃប្តីនិងកូនស្រីម្នាក់ ទៅកាន់សាលាសង្កាត់ចោមចៅដើម្បីប្តឹងលែងលះគ្នា ព្រោះប្តីតែប្តីផឹកស្រវឹងមិនសូវជួយរកស៊ីក្នុងគ្រួសារនិយាយលែងស្តាប់គ្នា តែចែកកូនមិនដាច់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចឲ្យដឹងថាស្ត្រីជាប្រពន្ធមានឈ្មោះ រ៉ាយ សុខនៅ អាយុ២៧ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ។ ចំណែកបុរសជាប្តីមានឈ្មោះ ថៃ ប៊ុនហាន អាយុជាង៣០ឆ្នាំ អតីតកីឡាប្រដាល់ និងបច្ចុប្បន្នជាអ្នលលក់ទឹកម្ទេស ទឹកត្រីនិងទឹកស៊ីអ៊ីវ ស្នាក់នៅជាមួយប្រពន្ធក្នុងភូមិខាងលើ។
ប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធបានឲ្យដឹងថា ពួកគាត់បានចាប់ដៃគ្នាជាប្តីប្រពន្ធអស់រយ:ពេល៤ឆ្នាំមកហើយតែមិនបានចុះអេតាស៊ីវិលត្រឹមត្រូវនោះទេ ព្រមទាំងមានកូនស្រីម្នាក់នៅក្នុងបន្ទុកទៀតផង។កន្លងមក ពួកគាត់មិនដែលមានរឿងអ្វីធំដុំនៅក្នុងគ្រួសារនោះទេហើយ ទើបតែនៅរយ:ពេលចុងក្រោយនេះប្តីរបស់គាត់តែងតែដើរផឹកស្រានិងនិយាយមិនចេះស្តាប់គ្នាព្រមទាំងធ្លាប់បានប្រើហិង្សាមកលើរូបគាត់ចំនួន២លើកមករួចមកហើយដែរ។
ស្ត្រីដដែលបន្តថាដោយយល់ឃើញ ប្តីនិយាយគ្នាមិនស្តាប់ទើបនាំគ្នានិយាយអំពីការលែងលះហើយពេលនោះ ប្តីគាត់ក៏សុខចិត្តលែងលះដែរ តែទាស់ត្រង់ចែកកូនគ្នាមិនដាច់ព្រោះគាត់មិនចង់បាត់បង់កូន ហើយប្តីក៏មិនចង់បាត់បង់កូនទើបនាំគ្នាធ្វើដំណើរមកកាន់សាលាសង្កាត់ចោមចៅដើម្បីឲ្យខាងសង្កាត់ជួយអន្តរាគមន៍តែម្តង។
យ៉ាងណាអាជ្ញាធរសង្កាត់ចោមចៅ មិនអាចដោះស្រាយបញ្ហានេះបានទេ គឺបានត្រឹមជួយសម្របសម្រួល ឲ្យត្រូវរ៉ូវគ្នាវិញព្រោះតែអាណិតកូនប៉ុណ្ណោះ៕ ប្រាថ្នា