ខេត្តបន្ទាយមានជ័យ៖ អាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកសួន បរ អភិបាលខេត្ត បានចេញទៅជួយអន្តរាគមន៍ទាំងយប់អធ្រាត្រ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង ដែលបានជន់លិចផ្លូវរថរទះភ្លើង លិចកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចដើមពោធិ៍យាយម៉ៅ ស្ថិតក្នុងភូមិអណ្តូងមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការជន់លិចទឹកភ្លៀងនោះដែរ ទន្ទឹមពេលដែលក្រុងប៉ោយប៉ែតក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះគេមើលឃើញថា បានទទួលនូវភ្លៀងធ្លាក់ជោគជាំជាបន្តបន្ទាប់ ចាប់តាំងពីមុនថ្ងៃបោះឆ្នោត រហូតដល់ថ្ងៃបញ្ចប់នៃការបោះឆ្នោត។ ការចេញទៅរំដោះទឹកជំនន់ពីសំណាក់លោកអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើឡើងកាលពីវេលាម៉ោង២រំលងអធា្រត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ដោយប្រើប្រាស់គ្រឿងចក្រកាយអាចម៌ដីចេញ ដែលបានចាក់លុបដីបិទប្រឡាយរំដោះទឹកនៅតាមដងផ្លូវជាតិលេខ៥ និងផ្លូវរថទះភ្លើង ជាច្រើនកន្លែង។ ទឹកជំនន់ទឹកភ្លៀងមិនបង្កឲ្យរងផលប៉ះពាល់ធ្ងន់ធ្ងរអ្វីនោះឡើយ។
លោក សួន បវរអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ឲ្យដឹងថា បញ្ហាទឹកជំនន់ជន់លិចផ្លូវរថរទះភ្លើង និងផ្លូវជាតិលេខ៥ មកដល់ព្រឹកនេះត្រូវបានវិលទៅរកស្ថានភាពដើមវិញនោះហើយ។ទឹកបានស្រកទៅវិញ ក្រោយពីមានការកាយអាចម៌ដីដែលប្រជាពលរដ្ឋបានចាក់ដីបិទលុបប្រឡាយរំដោះទឹកជំនន់តាមដងផ្លូវជាតិលេខ៥។
លោកបញ្ជាក់ឲ្យដឹងទៀតថា មូលហេតុដែលបណ្តាលឲ្យមានការជន់លិចទឹកភ្លៀងនៅចំណុចខាងលើដោយសារតែនៅក្រុងប៉ោយប៉ែតមានភ្លៀងធ្លាក់ជោគជាំចាប់តាំងពីមុនថ្ងៃបោះឆ្នោត និងការចាក់ដីលុបប្រឡាយទឹកតាមដងផ្លូវជាតិលេខ៥ ដែលបង្កឲ្យរាំងស្ទះផ្លូវទឹក មិនអាចហូរចេញទៅរួច នៅម្តុំទំនប់ទឹកអូរខៃដន។
លោក យឹម ប៊ុនរុំ ប្រធានមន្ទីរធនធានទឹកខេត្តប្រាប់ឲ្យដឹងដែរថា កំណាត់ផ្លូវជាតិលេខ៥ ដែលរងការហូរកាត់ជន់លិចមានប្រវែងជាង២០០ម៉ែត្រ ប៉ុន្តែមិនបង្កឲ្យរងការខូចខាតផ្លូវនោះទេ។លិចប្រហែលជាង២ម៉ោង ត្រូវបានអភិបាលខេត្ត អាជ្ញាធរក្រុងប៉ោយប៉ែត និង ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានដឹកនាំកម្លាំង ប្រើប្រាស់គ្រឿងចក្រកាយដី ចាក់បិទមុខទឹកដើម្បី រំដោះទឹកចេញឲ្យធ្លាក់ទៅផ្នែកខាងក្រោមនោះវិញ។លោកថាទឹកជំនន់ទឹកភ្លៀងគឺបណ្តាលមកពីរាំងស្ទះមុខទឹកមិនអាចរំដោះទឹកចេញបានដោយមានប្រជាជាពលរដ្ឋមួយចំនួនបានចាក់លុបដីរំលោភយកចំណីផ្លូវរថរទះភ្លើង និងចំណីផ្លូវជាតិលេខ៥ ស្ថិតនៅជំណុចខាងលើនោះ ៕ សំ វិច្ឆិកា