យន្តហោះម្បាំងនៅលើនាវាផ្ទុកយន្តហោះ អាមេរិក USS George H.W Bush បានបើកការវាយប្រហារទៅលើក្រុម IS នៅក្នុងប្រទេសស៊ីរី ដោយវាយប្រហារ ចេញ ពីដែនសមុទ្រមេឌីទែរ៉ាណេ។ ការវាយ ប្រហារនេះធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧។
មេបញ្ជាការកងទ័ពអាមេរិកនៅលើនាវាផ្ទុកយន្តហោះខាងលើ លោក Kenneth Whitesell បានប្រកាសថា«យើងបន្តវាយប្រហារទៅលើគោលដៅ របស់ក្រុម IS នៅ ក្នុងប្រទេសស៊ីរី គឺជាការអនុវត្តតាមកិច្ច សន្យាជាមួយសម្ពន្ធមិត្ត និងដៃគូក្នុងតំបន់ ពីសកម្មភាពវាយប្រហារទៅលើក្រុមភេរវកម្ម។
នាវាផ្ទុកយន្តហោះUSS George H.W Bush ធ្លាប់បានចូលរួមវាយប្រហារក្រុម IS ពីដែនសមុទ្រមេឌីទែរ៉ាណេកាលពីដើមខែមីនា ក្រោយមកក៏បានចាកចេញទៅបំពេញភារកិច្ចផ្សេងទៀត។
អាមេរិកចាប់ផ្តើមបើកយុទ្ធនាការ «ដក ទាំងឫស» ក្រុមភេរវកម្ម IS នៅក្នុងប្រទេស ស៊ីរីនិងអុីរ៉ាក់ ចាប់តាំងពីខែសីហា ឆ្នាំ ២០១៤ មកទល់ពេលនេះអាមេរិកបានវាយ ប្រហារ តាមដែនអាកាសសរុប ១៧.០០០ លើក លើទីតាំងរបស់ក្រុមភេរវកម្ម ។ មន្ទីរបញ្ចកោណអាមេរិក បានបញ្ជាក់ថា ប្រាក់ចំណាយសម្រាប់ការវាយប្រហារនោះគិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ គឺ ៣,១ពាន់លានដុល្លារ។
សកម្មភាពវាយប្រហារខាងលើរបស់ នាវាផ្ទុកយន្តហោះUSS George H.W Bush បានធ្វើឡើងក្នុងពេលដែលកម្លាំងទាហានជនជាតិឃើដ ដែលអាមេរិកគាំទ្រ បានបើកការវាយប្រហារជាទ្រង់ទ្រាយធំទៅលើទីក្រុង Raqqa រដ្ឋធានីរបស់ក្រុម IS នៅក្នុងប្រទេសស៊ីរី។ ក្រុមទាហានជន ជាតិឃើដ ទើបតែទទួលបានការផ្តល់អាវុធពីអាមេរិក ដើម្បីវាយប្រហារទៅលើក្រុមភេរវកម្ម។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត អាមេរិកបានបើកការវាយប្រហារទៅលើទាហាន របស់ប្រធានាធិបតីអាល់អាសាដ នៅពេលដែលទាហាន ទាំងនោះបានចូលទៅកាន់តំបន់ហាមប្រាម ។បើទោះបីមានការប្រឆាំងពីរុស្ស៊ីក្តី ក៏អាមេរិកនៅតែវាយ ប្រហារដដែល។
នៅថ្ងៃទី៦ ខែមិថុនា សម្ពន្ធមិត្តប្រឆាំងក្រុមភេរវកម្ម IS ដឹកនាំដោយអាមេរិក បានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំងកម្លាំងទាហានរដ្ឋាភិបាលស៊ីរី ដែលចូលទៅកាន់តំបន់ជិតស្រុក At Tanf ។
តាមការប្រកាសរបស់ទីបញ្ជាការកងទ័ពអាមេរិក CENTCOM បានបញ្ជាក់ថា ការវាយប្រហារខាងលើ ធ្វើឡើងនៅក្នុង តំបន់ ជិតស្រុក At Tanf ដែលជាតំបន់ហាមប្រាម របស់ទាហានលោកខាងលិចឈរជើង។
សារព័ត៌មាន Sputnik បានដកស្រងការ ប្រកាសរបស់ ទីបញ្ជាការកងទ័ពអាមេរិកឲ្យដឹងថា បើទោះបីមានការព្រមាន តែ កម្លាំងទាហានរដ្ឋាភិបាលស៊ីរីនៅតែចូលទៅទីនោះ ដោយមានអាវុធទំនើបៗជា ច្រើន។
តំបន់បញ្ជៀសសង្គ្រាមមាន ទំហំ៥៥ គីឡូម៉ែត្រ បានបង្កើតឡើង ឡោមព័ទ្ធជុំវិញ ស្រុក At Tanf ជាទីតាំងដែលអាមេរិកដាក់ទាហាននៅទីនោះ សម្រាប់វាយប្រហារ ក្រុម IS ។ បើមានទាហានណាមួយចូលទៅកាន់តំបន់នេះនឹងរងការវាយប្រហារពីទាហានអាមេរិកជាមិនខាន៕ ម៉ែវ សាធី