ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនចោលគូដណ្តឹង និងឪពុកម្តាយញាតិមិត្តបងប្អូនដោយសរសេរលិខិតបណ្តាំសុំទោសឪពុកម្តាយបង្កើត និងឪពុកម្តាយចិញ្ចឹម ហើយពឹងឲ្យប្អូនជួយមើលគូដណ្តឹងរបស់គេផង។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងការដ្ឋាន សំណង់ ស្ថិតនៅភូមិព្រែកតានូ១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ។
សពបុរសចងកឈ្មោះ វឿន ចឺត ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានកើតហេតុខាងលើ មាន ស្រុកកំណើតនៅភូមិពោធិ៍ពាត់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ចងកនៅចម្រឹង បង្អួចសំណង់អគារជាន់ទី២ ។
តាមសម្តីបុរសម្នាក់ឈ្មោះ នឹម សានី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ សំណង់ស្នាក់នៅបន្ទប់ជួលភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុក កំណើត នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គាត់ឡើងទៅការដ្ឋានសំណង់ស្រាប់តែ ប្រទះឃើញសពបុរសម្នាក់ចងកសម្លាប់ ខ្លួនរួចក៏ដើរទៅមើលឲ្យជិតតើជានរណា? ពេលដើរទៅមើលស្គាល់ថា ជាអ្នកធ្វើការ ជាមួយគ្នាក៏រត់ចុះទៅហៅឲ្យគេជួយ ប៉ុន្តែ ពេលកម្មករមកមើលទើបដឹងថាស្លាប់បាត់ទៅហើយក៏ប្ដឹងសមត្ថកិច្ចនគរបាលខណ្ឌ ចុះមកធ្វើកោសល្យវិច័យ ។
បុរសខាងលើបានយកខ្សែចងកនឹង ចម្រឹងបង្អួចដោយឡើងជាន់លើធុងស្ប៉េត្រូចងកសម្លាប់ខ្លួន ហើយបន្សល់ទុក លិខិតបណ្តាំ៣សន្លឹកដោយក្នុងនោះមានអត្ថន័យដូចតទៅ៖
“ម៉ែពុកកូនមិនបាននៅសងគុណអ្នកទាំង២ទេ! ចាំជាតិក្រោយចាំកូនសងគុណអ្នកទាំងពីរ ទាំងម៉ែចិញ្ចឹម ម៉ែបង្កើត និង ឪពុកបង្កើត ឪពុកចិញ្ចឹម កូននឹងសន្យា ថា កូនកើតមួយជាតិទៀត កូននឹងមិនធ្វើដូច ជាតិនេះទេ ទោះបីជាជាតិនេះកូនធ្វើឲ្យពុកម៉ែទាំង៤មិនសប្បាយចិត្តក៏ដោយសារកូន ប៉ុន្តែកូនធ្វើនេះក៏ដោយទាំងបង្ខំចិត្តដែរ ពុកម៉ែនឹងអាចយល់ពីអ្វីទាំងអស់ដែលកូនបានធ្វើនេះជាសេចក្តីដែលកូនធ្វើជាលើកចុងក្រោយដែលពុកម៉ែទាំង៤ទាំងម៉ែ បង្កើត ម៉ែចិញ្ចឹម ឪពុកបង្កើតនិងឪពុក ចិញ្ចឹម។ នៅពេលនេះកូនសរសេរជាលើក ចុងក្រោយសម្រាប់កូនមួយនេះដែលធ្វើឱ្យពុកម៉ែទាំង៤មិនសប្បាយចិត្តកូនដឹងថា កូនធ្វើទៅនេះសង្ឃឹមថា ពុកម៉ែទាំង៤មិន យកទោសកូនកូននឹកអ្នកទាំង៤ណាស់ ប៉ុន្តែកូនមិនអាចជួបអ្នកទាំង២ទេគឺកូន ខ្មាសអ្នកទាំង២ណាស់ខ្ញុំសូមអរគុណអ្នកម៉ែនិងលោកពុកទាំង២បានចិញ្ចឹមខ្ញុំតាំងពីតូចមកប៉ុន្តែកូនមិនបាននៅចិញ្ចឹមអ្នកទាំង ២វិញ” ។
លិខិតបណ្តាំបានសរសេរទៀតថា “យាយតាខ្ញុំចង់ប្រាប់ថា ខ្ញុំនឹកអ្នកទាំង២ ណាស់ ខ្ញុំស្រឡាញ់យាយតាស្មើនឹងឪពុក ម្តាយខ្ញុំដែរ ខ្ញុំសង្ឃឹមថាយាយតានឹងមិន យកទោសចៅម្នាក់នេះទេ។ ម៉ែពុកកូនទៅ ហើយអ៊ំសឿន អ៊ំសុង អ៊ំសៀន អ៊ំស៊ាត អ៊ំ អូន អ៊ំសុខ អ៊ំឃោ និងអ៊ំផូ ប្អូនជាទីស្រឡាញ់ ២នាក់ផងដែរ។ ប្អូនពិសីនិងប្អូនភក្តីបងទៅ ហើយប្អូនបងទៅរកភពថ្មីហើយ។ ប្អូន ពិសីបងពឹងប្អូនរឿងមួយបងចង់ឱ្យប្អូនជួយមើលគូដណ្តឹងបងផងបានទេប្អូន? ពុកម៉ែយាយតាប្អូនទាំង២បងនឹកប្អូនខ្លាំងណាស់តែបងធ្វើទៅនេះធ្វើដោយបង្ខំចិត្តទេប្អូនទាំង២។ អាជុក អាឃន់ អាម៉ា ចែម៉ៅ ចែ អាម ពូទៀងខ្ញុំនឹកអ្នកទាំងអស់គ្នាណាស់។ អាថង ខ្ញុំនឹកឯងណាស់” ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរ បាលនៃស្នងការដ្ឋានរាជធានីភ្នំពេញផ្នែកជំនាញធើ្វកោសល្យវិច័យបានចុះមកត្រួតពិនិត្យបន្ទប់ឃើញថា បុរសជាកម្មករសំណង់ គឺចងកសម្លាប់ខ្លួនឯងនៅលើចម្រឹងបង្អួច និងយកធុងស្ប៉េត្រូមកកល់ពីក្រោមជើង ហើយយកខ្សែគោមកចងនឹងចម្រឹងបង្អួច រួចធាក់ធុងជ័រចេញ ទើបខ្សែរឹតកស្លាប់តែ ម្ដង។ សពត្រូវបានប្រគល់ឱ្យលោក យ៉ុន វឿន ភេទប្រុស អាយុ៣៧ឆ្នាំ ដើម្បីយកទៅ ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ ហេង នរិន្ទ្រ