ខេត្តសៀមរាប ៖ មនុស្សប្រុសស្រី ចំនួន១៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាក សហការជាមួយកម្លាំងការិយាល័យតម្រួតអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្រ្កាបនិងចាប់ឃាត់ខ្លួនពីបទលេងល្បែងស៊ីសងខុសច្បាប់ ត្រូវនគរបាលឃាត់ខ្លួនយកមកសួរនាំនារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រតិបត្តិការនេះដឹកនាំនិ ងបញ្ជាផ្ទាល់ពីលោកឩត្តមសេនីយ៍ត្រីហ៊ូ វ៉ាន់នី ស្នងការនគរបាលខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនយុត្តិធម៌ដែលមានអសយដ្ឋានខាងលើ ។
កម្លាំងនគរបាលជំនាញលោកវរសេនីយ៍ទោ ហង្ស សុផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងបន្ថែមទៀតថា កម្លាំងនគរបាលជំនាញរបស់សហការជាមួយ កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានពួនស្ទាក់ និងចូលទៅបង្រ្កាបនៅម៉ោង១២និ១៥ នាទី ថ្ងៃទី៧ ខែមិថុនា ឃាត់ខ្លួនបានចំនួន១៣នាក់ ស្រី២នាក់ ភ្លាមៗនៅនឹងកន្លែងជាក់ស្តែង។
ក្នុងនោះកម្លាំងនគរបាលជំនាញដកហូតបានមានដូចជាម៉ូតូចំនួន១៤គ្រឿង, មេអាប៉ោង ៣គ្រាប់, ចានអាប៉ោងមួយ, គម្របចានមួយ, បៀរពីរ ហ៊ូ ផងដែរ។ ដោយឡែកម្ចាស់ដែលផ្តល់ទីតាំង អោយលេងល្បែងសុីសងរួមទាំងមេអាប៉ោង មានគ្នា៣នាក់ ទី១-ឈ្មោះ ស្រង រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(ម្ចាស់ទីតាំង) ទី២-ឈ្មោះ សុខ ម៉ឹង ហៅប៉ាវឬវី ភេទប្រុស អាយុ ៥៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(ម្ចាស់មេអាប៉ោង) និងទី៣-ឈ្មោះ ហ៊ត់ បូ ភេទប្រុស អាយុ ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិគោកបេង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប(ម្ចាស់មេអាប៉ោង)។
បច្ចុប្បន្នកម្លាំង នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចំពោះ ១០នាក់ទៀត ត្រូវបានអោយធ្វើកិច្ចសន្យាអប់រំណែនាំ ៕ ប៊ុន រិទ្ធី