ភ្នំពេញ ៖ លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល បានចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាបញ្ហាអាទិភាពមួយដើម្បីកសាងប្រទេស ជាតិឲ្យថ្កុំថ្កើងរុងរឿង លោកបានបញ្ជាក់បែបនេះ ខណៈលោកស្រីចូលរួមក្នុងពិធីមីទ្ទិញអបអរសាទរខួបលើកទី៦៨ទិវាកុមារអន្តរជាតិ ០១មិថុនា,ទិវាកុមារកម្ពុជាឆ្នាំ២០១៧ក្រោមប្រធានបទ(លើក កម្ពស់ ការចូលរួមរបស់កុមារដើម្បីអភិវឌ្ឍន៍សង្គម) និងខួបលើកទី១៦ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនាក្រោមប្រធានបទ(ការពារកុមារពូពលកម្មនៅក្នុងស្ថានភាពជម្លោះ និងគ្រោះមហន្តរាយ) ដែលមានកុមារ មកពីស្ថាប័ន ពាក់ព័ន្ធចូលរួមចំនួន២៦២៦នាក់នៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ កាលពីថ្ងៃទី០៨ មិថុនា ឆ្នាំ២០១៧។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចតំណាងសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងលោក វង សូតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងមានកាចូលរួមយ៉ាងច្រើនកុះករពីមន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលបានចាត់ទុកការលុបបំបាត់ពលកម្មកុមារជាបញ្ហាអាទិភាពមួយដើម្បីកសាងប្រទេសជាតិឲ្យថ្កុំថ្កើងរុងរឿង និងលើកស្ទួយជីវភាពប្រជាជន។ ដើម្បីចាត់វិធានការឲ្យមានប្រសិទ្ធភាព ដល់ការបង្ការ ទប់ស្កាត់ការដកហូត ការផ្តល់ជំនាញវិជ្ជាជីវៈនិងការស្តារនីតិសម្បទា និងការលើកកម្ពស់ការងារសមរម្យដល់កុមារដែលគ្រប់អាយុធ្វើការងារបាននាយកដ្ឋានការងារកុមារ នៃក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានពង្រឹងការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារដោយផ្តោតលើគោលការណ៍ចម្បង ៣ គឺ៖
១) ការដកហូតកុមារពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដើម្បីឲ្យកុមារទទួលបានការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈនិងសមាហរណកម្ម កុមារទៅក្នុងសង្គម
២) កិច្ចសហការជាមួយសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងការជួញដូរស្រ្តីនិងកុមារនិង
៣) លើកកម្ពស់ការងារសមរម្យ និងសុវត្ថិភាពការងារកុមារ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ក្នុងនាម រាជរដ្ឋាភិបាលខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួនដើម្បីចាត់វិធានការឲ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពចំពោះការអភិវឌ្ឍសិទ្ធិកុមារ ដូចជា ៖
១)ស្ថាប័នពាក់ព័ន្ធ ត្រូវជំរុញការអនុវត្តសេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំសម្រាប់អនុវត្តការចូលរួមរបស់កុមារដែលក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបង្កើតឲ្យបានទូលំទូលាយ ជាពិសេសអាជ្ញាធរមូលដ្ឋានត្រូវផ្តល់ឱកាសដល់កុមារឲ្យបានចូលរួមប្រជុំ និងដំណើការពិគ្រោះយោបល់ផ្សេងៗទៀត ដើម្បីលើកឡើងនូវបញ្ហានិងការព្រួយបារម្ភដែលពាក់ព័ន្ធនឹងពួកគេផ្ទាល់។
២) ជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពីការកាត់ បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពល កម្មកុមារ(២០១៦-២០២៥) និងចាត់វិធានការឲ្យមានប្រសិទ្ធភាព ដល់ការបង្ការទប់ស្កាត់ ការដកហូត ការផ្តល់ជំនាញវិជ្ជាជីវៈនិងការស្តារនីតិសម្បទា និងការលើកកម្ពស់ការងារសមរម្យដល់កុមារដែលគ្រប់អាយុអាចធ្វើការងារបាន។
៣) បន្តជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពីការអភិវឌ្ឍកុមារ (២០១៦-២០១៨) ដើម្បីរួមចំណែក ក្នុងការសម្រេចបានចំណុចដៅរបស់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣។
៤) ជំរុញការ រៀប ចំផែនការសកម្មភាពស្តីពីការទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ ឲ្យបានឆាប់ និងជំរុញការអនុវត្តផែនការសកម្មភាពនេះនិងគោលនយោបាយ ស្តីពីកិច្ចការពារនៅតាមសាលារៀន និង ឲ្យបានពេញលេញនិងមាន ប្រសិទ្ធភាព ។
៥) ជំរុញការផ្សព្វផ្សាយនិងអនុវត្តឲ្យមាន ប្រសិទិ្ធភាពនូវច្បាប់ស្តីពីយុត្តិធម៌អនីតិជនឲ្យបានទូលំទូលាយដល់អ្នកពាក់ព័ន្ធ ជាពិសេស អាជ្ញាធរមានសមត្ថកិច្ច មាតាបិតា សហគមន៍ ដើម្បីរួមគ្នាការពារកុមារគ្រប់រូប។
៦) បន្តពង្រឹងប្រព័ន្ធការពារកុមារឲ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់ការអនុវត្តសិទ្ធិកុមារប្រកបដោយប្រសិទ្ធភាព។
៧) បន្តពង្រឹងការផ្សព្វផ្សាយ និងអនុវត្តឲ្យបានទូលំទូលាយនូវច្បាប់ លិខិតបទដ្ឋាន ផែនការជាតិ យុទ្ធសាស្រ្តជាតិ អនុសញ្ញាស្តីពីសិទ្ធិកុមារនិងពិធីសារបន្ថែម និងលិខិតុបករណ៍អន្តរជាតិពាក់ព័ន្ធស្តីពីការការពារ កុមារការកាត់បន្ថយ និងការលុបបំបាត់ពលកម្មកុមារកុមារប្រើប្រាស់សារធាតុញៀនអំពើជួញដូរកុមារ អំពើ ហិង្សា ការកេងប្រវ័ញ្ចគ្រប់រូបភាព ការស្មុំកូនអន្តរប្រទេស និងធានាការពារកុមារឲ្យរីកលូតលាស់មាន សុខុមាលភាពពេញលេញ ប្រកបដោយបរិយា កាសល្អ។
៨) បន្តអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀននៅ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឲ្យមានប្រសិទ្ធភាព និងបន្តផ្សព្វផ្សា យឲ្យបានទូលំទូលាយពីបញ្ហាផលប៉ះពាល់ នៃ ការប្រើប្រាស់គ្រឿងញៀនតាមប្រព័ន្ធផ្សព្វផ្សាយនានា រួមទាំងទូរទស្សន៍វិទ្យុ និងបណ្តាញទំនាក់ទំនងសង្គម។
៩) ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវដាក់បញ្ចូលបញ្ហាកុមារទៅក្នុងផែនការសកម្មភាពប្រឆ្នាំ ដោយមានធនធានគ្រប់គ្រាន់ដើម្បីលើកកម្ពស់ និងតាមដានការអនុវត្តសិទ្ធិកុមារ ក៏ដូចជាផ្តល់អនុសាសន៍នានាក្នុងការ ចាត់វិធានការដោះស្រាយបញ្ហាកុមារ និងធានាជួយដល់កុមារឲ្យរួចផុតពីការរំលោភបំពានការកេងប្រវ័ញ្ច និងការរើសអើងគ្រប់រូបភាពឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
១០) បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិអន្តរជាតិ ក្នុងតំបន់ និងអន្តរជាតិ ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហា នានារបស់កុមារ ។
លោក វង សូត រដ្ឋមន្ដ្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិ្ដសប្បទា បានបញ្ជាក់ថា ៖ ប្រធានបទ ទិវាកុមារអន្តរជាតិ ១មិថុនាឆ្នាំនេះ គឺបានលើកកម្ពស់ការចូលរួមរបស់កុមារដើម្បីអភិវឌ្ឍន៍សង្គម ។ ដើម្បីលើកកម្ពស់ការចូលរួមរបស់កុមារ កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២។ យោងតាមខ្លឹមសារនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ជាពិសេស មាត្រា ១២ ,១៣ ,១៥ ,១៧ និង៤២ បានលើកឡើងអំពីតួនាទីយ៉ាងសំខាន់របស់រដ្ឋជាភាគី ដែលត្រូវធានាចំពោះកុមារនូវឱកាសដើម្បីសម្តែងមតិ និងទទួលបានព័ត៌មាន និងសិទ្ធិជួបជុំដោយសន្តិវិធី។
ការលើកកម្ពស់ការចូលរួមរបស់កុមារ គឺផ្តល់ឱកាស ឲ្យកុមារបានចូលរួមធ្វើការសម្រេចចិត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ដែលពាក់ព័ន្ធនឹង ពួកគេ ព្រោះមានតែកុមារខ្លួនឯងដែលដឹងពីស្ថានភាពខ្លួនគេច្បាស់លាស់ជាងអ្នកដទៃ។ ហេតុនេះហើយបានជា មានក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើន បានចូលរួមបង្កើតឲ្យមានក្លឹបចលនាយុវជន ឬកុមារជាច្រើន ដូចជាចលនាយុវជនកាកបាទក្រហមកម្ពុជា កាយរិទ្ធិកម្ពុជា ក្រុមប្រឹក្សាកុមារនៅតាមសាលារៀន បណ្តាញកុមារអ្នកតស៊ូមតិ ចលនាកុមារ និងយុវជនកម្ពុជា ដើម្បីសិទ្ធិកុមារ ដែលពួកគេបានក្លាយជាចលនាយុវជន ឬកុមារឈានមុខនៅក្នុងសង្គម និងបានចូលរួមវេទិកាថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ៕ សំរិត