ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលគ្រឿងញៀន! លក់អស់ម៉ូតូ២៦គ្រឿង និងបំផ្លាញទ្រព្យក្នុងផ្ទះ ទ្រាំលែងបាន ម្តាយសុំការអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវម្នាយបង្កើតប្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគម៍ និងឃាត់ខ្លួនយកទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ខណៈរូបគេបានប្រើប្រាស់ថ្នាំញៀនអស់ជាច្រើនឆ្នាំ ថែមទាំងបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះ និងលក់ម៉ូតូយកលុយទិញថ្នាំអស់សរុប២៦គ្រឿងមកហើយ ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៩៩B ក្រុម២ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បុរសញៀនថ្នាំនោះមានឈ្មោះ កង ដារ៉ាវុធ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានប្រពន្ធឈ្មោះ សៀន ធីតា អាយុ២៨ឆ្នាំ និងមានកូន២នាក់(ប្រុស១ ស្រី១)ក្នុងបន្ទុក ។

ប្រភពពីនគរបាលប៉ុស្តិ៍ទឹកថ្លាបានឲ្យដឹងថា ម្តាយបង្កើតបុរសខាងលើបានទូរស័ព្ទមកប្រាប់ថា កូនប្រុសរបស់គាត់បែកថ្នាំ ហើយកំពុងអុកឡុករករឿងវាយប្រពន្ធ និងគំរាមសម្លាប់ទៀតផង ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរ ។ ម្តាយបុរសញៀនថ្នាំបានឲ្យដឹងថា កូនប្រុសរូបនេះធ្លាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនឆ្នាំមកហើយៗធ្លាប់ជាប់នៅមណ្ឌលបន្សាបគ្រឿងញៀន៣ខែកន្លះ និងធ្លាប់ជាប់នៅពន្ធធនាគារព្រៃស២ឆ្នាំកន្លះរួចមកហើយ។ មិនតែប៉ុណ្ណោះ រូបគេបានយកម៉ូតូនៅក្នុងផ្ទះយកទៅលក់ដើម្បីយកលុយទិញថ្នាំញៀនជក់ បើសរុបទៅអស់ចំនួន២៦គ្រឿងផងដែរ ហេតុនេះហើយទើបគាត់ទ្រាំលែងបាន ក៏សម្រេចចិត្តប្តឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួនចាត់ការតាមច្បាប់ចុះ។

ស្ត្រីជាប្រពន្ធបុរសញៀនថ្នាំខាងលើបានរៀបរាប់ទាំងទឹកភ្នែថា រូបនាងបានរៀបការជាមួយនឹងប្តីដែលប្រើប្រាស់គ្រឿងញៀននេះបាន៦ឆ្នាំហើយៗមានកូនប្រុស ស្រី២នាក់នៅក្នុងបន្ទុក ប៉ុន្តែនាងមិនបានដឹងថា ប្តីគាត់ជក់គ្រឿងញៀននោះទេ ហើយកន្លងមកប្តីរូបនេះតែងតែវាយធ្វើបាបនាងរហូតពេលខ្លះគំរាមសម្លាប់ទៀតផង ធ្វើឲ្យនាងភ័យខ្លាចខ្លាំងណាស់ ហើយនៅថ្ងៃកើតហេតុ ប្តីនាងបានយកកូនកាំបិតមកដាក់ក្បែរខ្លួន និងគំរាមសម្លាប់ ទើបនាងភ័យក៏ប្រាប់ទៅម្តាយក្មេក ពេលនោះម្តាយក្មេកក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង៕ តុង សីហា


ចែករំលែក៖