ខេត្តឧត្តរមានជ័យ៖ យោងទៅលើរូបភាពមួយសន្លឹក ដែលត្រូវបានបែកខ្ចាយថ្មីៗនេះ គេបង្ហោះចូលទៅក្នុងបណ្ដាញចែកចាយព័ត៌មាននៅក្នុងគ្រុបរបស់មន្ទីរព័ត៌មានខេត្តមានជ័យ។
រូបថតមួយសន្លឹកនោះ គេបានបញ្ជាក់នូវទិដ្ឋភាពកន្លែងផឹកស៊ីមួយរវាងស្ថាប័នកំពូលៗ ចាប់ពីថ្នាក់ឧត្ដមសេនីយ៍ត្រី រហូតដល់ថ្នាក់ឧត្ដមសេនីយ៍ឯក នៅស្រុកអន្លង់វែង បានជល់កែវស្វាគមន៍យ៉ាងកក់ក្ដៅ ជាមួយនឹងឈ្មួញឈើគ្រញូងដុះស្លែ ដ៏ល្បីឈ្មោះជនជាតិវៀតណាមម្នាក់ ឈ្មោះ ខ្វៀង ធីម៉ៃ (ហៅយាយម៉ាយ) ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅផ្ទះជួល ក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។
យោងទៅលើរូបភាពមួយសន្លឹក នោះត្រូវបានគេស្គាល់ឈ្មោះអ្នកធំចំនួន៣រូប ទី១លោកឧត្ដមសេនីយ៍ឯក ង៉ែត ចាន់ថុន ហៅព្រះនាម៥១ ។ ទី២ឈ្មោះលោកឧត្ដមសេនីយ៍ត្រី ជា សុភក្រ្ដ័ បម្រើការងារនៅអង្គភាពយោធភូមិភាគទី៤ និងទទួលភារកិច្ចនៅទិសទី២ សមូភូមិមុខ។ ទី៣ ឈ្មោះលោកឧត្ដមសេនីយ៍ត្រី ចាន់ សុខុន ហៅការេ២។
យោងទៅលើរូបភាពនេះដែរ ដោយគេបានបញ្ជាក់អំពីទិដ្ឋភាពនៃភាពស្និទិស្នាលទំនាក់ទំនងស៊ីជម្រៅអភិបាលកិច្ចល្អរវាងមេឈ្មួញឈើគ្រញូងដុះស្លែជនជាតិវៀតណាមឈ្មោះខ្វៀង ធីម៉ៃ(ហៅយាយម៉ាយ) ជាមួយនឹងអ្នកមានអំណាចគ្រាក់ៗប្រចាំនៅទិសទីពីរសមូភូមិមុខខេត្តឧត្ដរមានជ័យ។
មូលហេតុទាំងនេះហើយដែលធ្វើឲ្យឈ្មួញបទល្មើសរូបនេះ ឈរជើងបានរឹងមាំបានជាច្រើនឆ្នាំរហូតមកដល់សព្វថ្ងៃនេះ។
នៅត្រង់ចំណុចនេះហើយ ដែលមហាជនបានលើកឡើងថា ខ្វៀង ធីម៉ៃ មេឈ្មួញឈើគ្រញូងឆ្លងដែនកម្ពុជា ថៃ ខេត្តឧត្តរមានជ័យ មានវាសនាខុសគ្នាដូចមេឃ និងដី រវាងមេឈ្មួញបទល្មើសឈើជាជនជាតិវៀតណាមដូចគ្នា ប្រចាំខេត្តស្ទឹងត្រែងម្នាក់ឈ្មោះ យាយព្រឿង។
រហូតមកទល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧នេះ យាយម៉ាយ កំពុងតែប្រកបរបបទល្មើសឈើបានយ៉ាងកាក់កប ។ ដោយឡែកយាយព្រឿងវិញ មកទល់នឹងពេលនេះដូចគ្នា កំពុងតែជាប់ពន្ធនាគារមិនទាន់ចេញនៅឡើយ។
ចំណុចដែយាយម៉ាយធ្វើបានជោគជ័យលើមុខជំនួញបទល្មើសខាងលើ ក៏ដោយសារតែមានកិច្ចសហការ និងសហប្រតិបត្តិការល្អជាមួយនឹងស្ថាប័នកំពូលៗ និងអ្នកមានអំណាខិលខូចមួយចំនួនធំ មិនមែនទាំងអស់ ទើបមានសុវត្ថិភាពល្អ ហើយទទួលជោគជ័យមួយរយភាគរយ ៕ ប៉ែន នួន