ភ្នំពេញ: រថយន្តដឹកទំនិញមួយគ្រឿងបាន បើករេចង្កូតទៅបុកតូបលក់ដូរនឹងរបងឃ្លាំងខូចខាត យ៉ាងដំណំរួចកល់ជាប់នឹងរបងឃ្លាំងមួយទៀតទៅមុខលែងរួច ទើបអ្នកបើកបរបើកទ្វារត់ចូលក្រុមហ៊ុនបាត់ស្រមោលតែម្តង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមអ្នកបើកបររថយន្តរបស់ក្រុមហ៊ុនឧកញ៉ា ផាត់ ប៉ុន បាននាំគ្នារុញរថយន្តម៉ាក ហ៊ីណូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3A- 9077 ដើម្បីបញ្ឆេះឲ្យឆេះម៉ាស៊ីនព្រោះអស់ភ្លើងអាគុយនៅក្នុងក្រុមហ៊ុន។ ពេលដែលរុញឆេះហើយទំនងជារថយន្តបានជាប់ហ្គារក៏ជ្រុលទៅបុករបងរបស់ក្រុមហ៊ុនខ្លួនឯងបាក់មួយផ្ទាំងហើយរថយន្តបានរេចង្កូតទៅបុកតូបលក់ដូរ របស់ប្រជាពលរដ្ឋរួចបន្តទៅបុកឃ្លាំងមួយទៀត បណ្ដាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ បន្ទាប់មកទើបរថយន្តកល់ជាប់នឹងរបងម្ខាងទៀត ទៅមុខលែងរួចហើយ អ្នកបើកបរទំនងភ័យពេកបានបើកទ្វារត់ចូលក្នុងក្រុមហ៊ុនបាត់ស្រមោល
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុរួចវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ ប្រាថ្នា