ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកមានស្នាមរបួសដំបៅសង្ស័យករណីលង់ទឹក

ចែករំលែក៖

 

ភ្នំពេញ៖ ប្រជានេសាទប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេសាប ដោយមានស្នាមរបួសដំបៅចាស់ចំសៀតផ្កាខាងឆ្វេង ដោយសមត្ថកិច្ចមូលដ្ឋាន ដាក់ការសង្ស័យថា ជាករណីលង់ទឹក ហើយសមត្ថកិច្ចកំពុងស្រង់យកមកដាក់នៅវត្តថ្មី ដើម្បីធ្វើកោសល្យវិច័យនិងស្វែងរកសាច់ញាតិ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២រសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចទន្លេសាបមុខសាលាសង្កាត់ជ្រោយចង្វា ភូមិ២ សង្កាត់-ខណ្ឌជ្រោយចង្វា។

សពជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ដោយសពមានស្នាមរបួសដំបៅចាស់ចំសៀតផ្កាខាងឆ្វេង ដោយសពស្លៀកខោខ្មៅជើងវែង ពាក់អាវយឺតរាងស លាយប្រផេះដៃខ្លី មានអាយុប្រហែលជាង៤០ឆ្នាំ កម្ពស់១,៥០ម៉ែត្រ ហើយប៉ូលិសកំពុងតែធ្វើកោសល្យវិច្ច័យដើម្បីរកមូលហេតុពិត ។

បើតាមប្រជានេសាទបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈពួកគាត់កំពុងតែនេសាទនៅចំណុចខាងលើនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ក៏បានប្រទះឃើញសពបុរសម្នាក់ហើមស្ពីង អណ្តែតទឹក ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះពិនិត្យ។ ពេលសមត្ថកិច្ចមកដល់ ក៏ស្រង់មកដាក់លើគោក ហើយក៏ប្រកាសស្វែងរកសាច់ញាតិផងដែរ ។

ក្រោយពេលសមត្ថកិច្ចបច្ចេកទេសធ្វើកោសល្យវិច័យបញ្ជាក់ថា បុរសរងគ្រោះអាចស្លាប់ដោយសារលង់ទឹកដោយមិនមានស្លាកស្នាមសង្ស័យអ្វីផ្សេងឡើយ ៕ ជ្រោយពេជ្រ


ចែករំលែក៖