ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ា សុជាតិវង្ស ៖ បំបួសកុលបុត្រកុលធីតា ជាង៥០០អង្គនាក់ ជាការបណ្តុះចំណេះដឹងផ្នែកព្រះពុទ្ធសាសនា

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី បានសម្តែងនូ វក្តីសង្ឃឹម និងជឿជាក់មុតមាំថា ៖ ក្រោយពេលបំបួលកុលបុត្រកុលធីតា ចំនួនជាង៥០០អង្គនាក់ ទាំងអស់បានបញ្ចប់វគ្គសិក្សា ត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួលវិញ ប្រាកដជាបានទទួលនូវលទ្ធផលល្អៗ បទពិសោធន៍ និងការចេះដឹងផ្នែកព្រះពុទ្ធសាសនា ដែលមាន សីល សមាធិ និងបញ្ហាជាដើម ទោះបីជាមិនបានទាំងអស់ក៏បានមួយចំនួនដែរ ហើយនិងយកការចេះដឹង ផ្នែកប្រតិបត្តិនេះ ទៅចែករំ លែកជាមួយបងប្អូន ញាតិមិត្ត ក្រុមគ្រួសារ ដើម្បីសេចក្តីសុខ សន្តិភាព និងភាពសុខស្ងប់ ទាំងអស់គ្នា ព្រោះក្នុងលោកនេះ ពុំមានសេចក្តីសុខណា ឲ្យស្នើទៅនឹងសេចក្តីស្ងប់ នោះបានឡើយ ។

លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បាន បញ្ជាក់បែបនេះ ខណៈ លោកចូលរួមក្នុងកម្មវិធីប្រារព្ធពិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួលកុលបុត្រកុលធីតា ចំនួន៥០០អង្គ នាក់ រយៈពេលមួយសប្តាហ៍ ឆ្នាំទី៩ នៅវត្តភ្នៀតសិម្ពលី សង្កាត់ ស្នោ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី១១ ខែមិថុនាឆ្នាំ២០១៧។

លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ កម្មវិធីនេះ អាជួយជំរុញ ឲ្យកុលបុត្រកុលធីតា ខ្មែរយើងបានយល់ជ្រួតជ្រាបកាន់តែច្បាស់ អំពីប្រពៃណី វប្បធម៌ ទំនៀមទំលាប់ និងព្រះពុទ្ធសាសនា ដ៏ល្អនៃយើងដែលដូនតា ខ្មែរគ្រប់ជំនាន់ បានថែរក្សា និងបន្សល់ទុករហូតមកទល់សព្វថ្ងៃនេះ។

លោកបានបន្តថា ប្រជាជនកម្ពុជា ប្រមាណ៩៧ភាគរយ បាននិងកំពុងគោរពប្រណិប័តន៍ តាមព្រះពុទ្ធសាសនា ដែលជាពាក្យប្រៀនប្រដៅ របស់ព្រះសម្មាសម្ពុទ្ធ បរមគ្រូនៃយើង ដែលមានសីល សមាធិ បញ្ញា ជាអាទិ៍ ហើយនិងព្រះពុទ្ធឱវាទ ជាច្រើនទៀត ដែលបានបន្សល់ទុកនៅក្នុងគម្ពីរ ព្រះត្រៃ បិដក ដើម្បីដឹកនាំមនុស្សឲ្យប្រព្រឹត្តធ្វើនូវអំពើល្អជាកុសល និងអាចដឹកនាំអ្នកប្រណិប័តន៍ ឲ្យរួចចាកទុកទាំងពួងបាន។

លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ កម្មវិធីនេះ ដើម្បីតែចង់ឲ្យមនុស្សទាំងអស់ បានដើរនៅលើផ្លូវមួយ ដ៏ត្រឹមត្រូវ តាមការណែនាំរបស់ព្រះពុទ្ធតែប៉ុណ្ណោះ និងដើម្បីជួយឲ្យសង្គមរស់នៅរបស់មនុស្ស មាននូវភាពត្រជាក់ត្រជុំ ជៀសផុតពីការប្រព្រឹត្តនូវអំពើ ពាលាអាវាសែ ទាំងឡាយដែលសង្គមស្អប់ខ្ពើមនិងមិនឲ្យតម្លៃ ជាពិសេសគឺចងឲ្យអ្នកប្រណិប័តន៍ទាំងអស់ បានទទួលនូវប្រយោជន៍ ក៏ទូលំទូលាយ ដែលកើតចេញអំពីការប្រព្រឹត្តធម៌ ហើយយល់ច្បាស់អំពីខ្សែជីវិតដ៏ពិតប្រាកដរៀងៗខ្លួន។ ការមិនធ្វើនូវអំពើបាបទាំងឡាយ ការបំពេញកុសលផលបុណ្យជា រឿយៗ ការជម្រះចិត្តឲ្យស្អាតបរិសុទ្ធ ទាំងនេះគឺជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា ហើយការប្រព្រឹត្តតាមហេតុខាងលើនេះ គឺតែងតែនាំយើងទាំងអស់គ្នាឲ្យរួចចាកទុក្ខទៅបានយ៉ាងពិតប្រាកដ។

សូមបញ្ជាក់ថា កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួលកុលបុត្រ កុលធីតា ចំនួន៥០០អង្គនាក់ វគ្គទី៩ឆ្នាំទី៩ និងអប់រំសីលធម៌ ព្រះពុទ្ធសាសនា ដល់សិស្សានុសិស្ស វិទ្យាល័យចំនួន១២០០នាក់ រយៈពេល៧ថ្ងៃ របស់វត្តភ្នៀតសិម្ពលី ដែលស្ថិតក្នុងសង្កាត់ស្នោ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ ៕ សំរិត


ចែករំលែក៖