ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ និងស្ត្រីម្នាក់ទៀតរបួសស្រាល ដោយសារថយន្តហាយឡែនឌ័របើកបុកពីក្រោយ

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ដែលមានបុរសម្នាក់កំពុងជិះម៉ូតូហើយត្រូវបានរថយន្តហាយឡែនឌ័រ បើកបុកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង រួមទាំងខ្ទាតទៅប៉ះស្ត្រីម្នាក់ទៀត ដែលជិះក្បែរគ្នា បណ្ដាលឲ្យដួលរងរបួសស្រាល ដែលទីតាំងកើតហេតុ គឺនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បុរសរងគ្រោះដែលស្លាប់ឈ្មោះ ហង់ វិសាល ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរបើករថយន្ត ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិជ្រោះស្នា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលជិះម៉ូតូម៉ាក ស្កុពី ពណ៌ផ្កាឈូក លាយស ពាក់ស្លាកលេខ ភ្នំពេញ1CH-9856 ។ ចំណែកស្ត្រីរងគ្រោះ របួសស្រាលមិនស្គាល់អត្តសញ្ញាណនោះទេ ព្រោះជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ គ្រាន់តែប្រាប់ថា ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

បើតាមសម្ដីស្ត្រីរងគ្រោះរបួសស្រាលខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ រូបគាត់និងបុរសរងគ្រោះ ដែលបាត់បង់ជីវិត បានចេញពីញាំអីនៅម្ដុំបឹងត្របែក ហើយជិះម៉ូតូស្កុបពីម្នាក់មួយគ្រឿង ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវកើតហេតុខាងលើ ទិសដៅពីជើងទៅត្បួង ក្នុងបំណងទៅផ្ទះស្ត្រីរងគ្រោះនៅចាក់អង្រែក្រោម ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2V-0997 បានធ្វើដំណើរមកពីក្រោយក្នុងល្បឿនយ៉ាងលឿន ហើយមកបុកម៉ូតូបុរសរងគ្រោះខាងលើដែលជិះក្បែរ បណ្ដាលឲ្យដួលអូសជិត១០ម៉ែត្របោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯម៉ូតូដួលអូសជាង២០ម៉ែត្រ រងការខូចខាតខាងក្រោយទាំងស្រុងតែម្ដង ក្នុងនោះដែរ ម៉ូតូបុរសរងគ្រោះក៏បានខ្ទាតប៉ះស្ត្រីរងគ្រោះខាងលើបណ្ដាលឲ្យដួលរងរបួសស្រាលថែមទៀត ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កបានព្យាយាមចុះគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានជួយចាប់រួចប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌមានជ័យភ្លាមៗតែម្ដង ។ បន្ទាប់មកសមត្ថកិច្ចទទួលផ្នែកចរាចរណ៍បានចុះមកដល់កន្លែងកើតហេតុ បានវាស់វែងយករថយន្តបង្កនិងម៉ូតូបុរសរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ដោយឡែកសពជនរងគ្រោះក៏ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដឹងយកទៅអ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ភារ៉ា ដង្កោ


ចែករំលែក៖