ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់សម្តីពេលផឹកស៊ី លីកាំបិតសាំងគីមកាប់របួសដាច់ម្រាមដៃ ហើយរត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ បុរសកម្មកលើកស៊ីម៉ង់ត៍ម្នាក់ ត្រូវបានមិត្តភក្តិធ្វើការជាមួយគ្នាកាប់ត្រូវជាច្រើនកាំបិត រងរបួសហូរឈាមស្រោចខ្លួន ពេលផឹកស៊ីហើយទាស់សម្ដីគ្នា ។​

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចឃ្លាំងស៊ីម៉ង់ត៍ផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះ​ សៀប​ កុសល​ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មកលើកស៊ីម៉ង់ត៍ និងស្នាក់នៅកន្លែងកើតហេតុ។

តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេហើយ និងជនបង្កបានផឹកស៊ីជាមួយគ្នាពេលផឹកស៊ីនោះក៏បានប្រកែកគ្នាបន្តិចបន្តួច តែមិនដឹងថាគេមានចិត្តគំគួនអីចឹងទេ ស្របពេលដែលរថយន្តដឹកស៊ីម៉ង់ត៍មកដល់ ខ្លួនបានទៅរ៉ឺយ៉ែរថយន្ត ខណៈពុងតែរ៉ឺយ៉ែរ ក៏ត្រូវជនបង្កបានយកាំបិតសាំងគីមមកកាប់ជាច្រើនកាំបិតបណ្ដាលឲ្យដាច់ម្រាមដៃ កណ្ដាលមួយ និងចំខ្នងមួយកាំបិត កំភួនដៃមួយកាំបិត រងរបួសធ្ងន់ រត់​មកឲ្យពេទ្យឯកជនដេរឲ្យតែដោយសារឃើញរបួសធ្ងន់ពេក ខាងពេទ្យមិនហ៊ានដេរ ហើយបានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់របស់ពេទ្យសួគ៌ាមកដឹកយកទៅសង្គ្រះបន្ទាន់ផងដែរ។

ចំណែកជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅមើលជនរងគ្រោះនៅមន្ទីរពេទ្យហើយបានណែនាំឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល៕ ភារ៉ា ដង្កោ


ចែករំលែក៖