ព័ត៌មានទាន់ហេតុការណ៍៖

អនុសេនីយ៍ឯកផ្នែកប៉ូលិសសុខាភិបាលខេត្តបន្ទាយមានជ័យម្នាក់គ្រោះថ្នាក់ចរាចរណ៍ស្លាប់

ចែករំលែក៖

ប៉ោយប៉ែត៖ នគរបាលម្នាក់សង្ស័យស្រវឹងស្រាបេីកម៉ួតួ តាមផ្លូវជាតិលេខ៥ ត្រូវរថយន្តបុកស្លាប់កាលពីវេលាម៉ោង១៥និង៤៥នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចក្លោងទ្វារ វត្តសូរិយា ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

សាក្សីថា ជនរងគ្រោះស្លៀកពាក់ឯកសណ្ឋាន ជាសមត្ថកិច្ច បានបើកម៉ូតូ តែម្នាក់ឯង ម៉ាកហុងដាសេ ១២៥ ពណ៏ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ ១Q – ៥៩៥០ ម្នាក់ឯង ពីកើតទៅលិច ដោយទំនងជាមានសភាពស្រវឹងស្រាជោកជាំវង្វេងស្មារតីបណ្តាលឲ្យម៉ូតូរេពេញផ្លូវ រួចក៏មានរថយន្តមួយគ្រឿងបើកបរបញ្ច្រាសទិសគ្នាបុកពេញទំហឹងធ្វើឲ្យជនរងគ្រោះដួលបោកក្បាល ចូលក្រោមកង់ឡានកិចខ្ទេចស្លាប់ភ្លាមៗនៅនឹងកន្លែង។

ប្រភពបន្តថា រថយន្តបង្កមិនបានឈប់មើលជនរងគ្រោះនោះទេ បានបន្ថែមល្បឿនឡានទៅទិសខាងកើត តែត្រូវបានប៉ូលិស ចរាចណ៍ ខេត្តចាប់បាន ទាំងអ្នកបើកបរ និងរថយន្តប្រភេទដឹកដី កង់០៦ ម៉ាក់ FUSO ចង្កូតស្តាំ និងបាននាំខ្លួន និងយកមករក្សាទុករង់ចាំការដោះស្រាយតាមនីតិវិធី ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលសណ្តាប់ធ្នាប់ស្រុកអូរជ្រៅ បានចុះទៅត្រួតពិនិត្យទើបដឹងថា ជនរងគ្រោះជាមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ឈ្មោះខុង វែង ហៅពេទ្យគង់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិប្រជាធម្មខាងលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានឋានន្តរស័ក្តិ ជាអនុសេនីយ៍ឯក ផ្នែកខាងប៉ូលិសសុខាភិបាលខេត្តបន្ទាយមានជ័យ ។ ចំណែកម៉ូតូជនរងគ្រោះ បានរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយវាស់វែងនិងធ្វើកំណត់ហេតុរួច សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ វណ្ណា


ចែករំលែក៖