ខេត្តបាត់ដំបង៖ យុវជនម្នាក់ស្រឡាញ់សង្សារស្មើជីវិត បានសម្រេចចិត្តលេបថ្នាំពុលសម្លាប់ខ្លួន ក្រោយសង្សារនិយាយតាមទូរស័ព្ទសុំផ្តាច់ក្តីស្នេហ៍ទៅមានប្រុសថ្មី។
ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ២ និង៤០នាទី រសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិចំការចេកលើ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រីកោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត បានឲ្យដឹងថា យុវជនរូបនោះមាន ឈ្មោះភាព កុសល ភេទប្រុស អាយុ ២៣ឆ្នាំ ជាកម្មករចំការម្រេច ស្នាក់នៅបណ្តោះអាសន្នភូមិចំការចេកលើ ឃុំស៊ុង ស្រុកសំឡូត មានស្រុកកំណើតនៅខេត្តកំពង់ចាម។
លោកប្រាប់ឲ្យដឹងទៀតថា ក្រោយពីកើតហេតុនោះមក សមត្ថកិច្ចបានការចុះពិនិត្យនៅកន្លែងកើតហេតុទៅលើសាកសពរបស់ជនរងគ្រោះឈ្មោះ ភាព កុសល សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាផឹកថ្នាំពុលបាញ់កំចាត់សត្វល្អិត ការពារដំណាំម្រេចពិតប្រាកដមែន មិនជាប់ពាក់ព័ន្ធអំពើឃាតកម្មនោះឡើយ។
លោកប្រាប់ឲ្យដឹងទៀតថា បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចមូលហេតុ គឺយុវជនរូបនោះឈឺចិត្តនឹងសង្សារនៅឯស្រុក បានបែកចិត្តសុំផ្តាច់ការទំនាក់ទំនងស្នេហាជាមួយខ្លួន ក្រោយពីមានការជជែកនិយាយតាមទូរស័ព្ទជាមួយនឹងអតីតសង្សាររួចហើយនោះ ។
សាកសពយុវជនរូបនោះបន្ទាប់មកត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យសព តាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕ សំ វិច្ឆិកា