ខេត្តបាត់ដំបង៖ លោកអធិការនគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ បានប្រកាសច្រានចោលថា ការប្រើអំពើហិង្សាវាយ និងចាក់ទៅលើប្រធានអ្នករៀបចំការបោះឆ្នោតនៅឃុំអូរតាគី ស្រុកថ្មគោល និងប្រពន្ធបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់នោះ មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះឡើយ គឺករណីនេះ សមត្ថកិច្ចស្រាវជ្រាវឲ្យដឹងថា ជារឿងគំនុំ រវាងជនរងគ្រោះ នឹងជនសង្ស័យ។
ការច្រានចោលព័ត៌មានពាក់ព័ន្ធនេះពីសំណាក់សមត្ថកិច្ចស្រុកថ្មគោល ខេត្តបាត់ដំបង ក្រោយពីកើតហេតុការណ៍ គឺមាន ការផ្សព្វផ្សាយបង្ហោះព័ត៌មានតាមហ្វេសប៊ុកមួយចំនួន សរសេរចោទប្រកាន់គ្មានមូលដ្ឋានថា ការប្រើអំពើហិង្សាទៅលើប្រធានអ្នករៀបចំការបោះឆ្នោតនៅឃុំអូរតាគី ស្រុកថ្មគោល និងប្រពន្ធបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធជាប់ពាក់ព័ន្ធរឿងនយោបាយ ។
លោកវរសនីយ៍ត្រី ផង់ សុភាព អធិការនគរបាលស្រុថ្មគោលប្រាប់ឲ្យដឹងថា កាលពីយប់អធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនរងគ្រោះប្តីមានឈ្មោះ ហ៊ុន យ៉ន អាយុ៦២ឆ្នាំ ប្រពន្ធឈ្មោះ រ៉ុម សារី អាយុ៥៦ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណបានចូលមកក្នុងផ្ទះជនសង្ស័យ ហើយបានលួចយកភ្លើងដុតនៅក្នុងផ្ទះជនរងគ្រោះ នៅចំណុចកន្លែងដាក់ទូរទស្សន៍បណ្តាលឲ្យឆេះឡើង។
នៅពេលនោះជនសង្ស័យក៏ធ្វើជាស្រែកឆោឡោមានភ្លើងឆេះផ្ទះហើយ។បន្ទាប់មកជនរងគ្រោះជាប្តី បានចេញមកឃើញភ្លើងឆេះ ក៏ទៅយកទឹកក្នុងពាងជះពន្លត់ភ្លើង ឲ្យរលត់ បន្ទាប់មកជនសង្ស័យបានទាញយកាំបិតកាប់ និងចាក់ជនរងគ្រោះជាប្តីបណ្តាលឲ្យរងរបួស ។
ទន្ទឹមនោះប្រពន្ធជនរងគ្រោះ ក៏ចេញមកជួយប្តី ប៉ុន្តែស្រាប់តែជនសង្ស័យកាប់ទៅលើ ប្រពន្ធជនរងគ្រោះបណ្តាលឲ្យរងរបួសដូចគ្នាផងដែរ។ ក្រោយពីបង្កហេតុរួចហើយ ជនសង្ស័យក៏រត់គេចខ្លួនបាត់តែម្តង។ បន្ទាប់មក ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកជិតខាង សមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុ និងដឹកជនរងគ្រោះទាំង២នាក់បញ្ជូនយកទៅមន្ទីរពេទ្យ ខេត្តបាត់ដំបង។
លោកអធិការនគរបាលស្រុកថ្មគោលប្រាប់ឲ្យដឹងទៀតថា ជនសង្ស័យមកដល់ពេលនេះ សត្ថកិច្ចកំពុងតាមដានស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ សំ វិច្ឆិកា