ខេត្តកំពង់ចាម ៖ មានហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីកងកម្លាំងប្រដាប់ អាវុធ៣ប្រភេទរួមមាន ៖ មន្រ្តីនគរបាលម្នាក់ មន្រ្តីអាវុធហត្ថ២នាក់ និងមន្រ្តីយោធា៣នាក់ ត្រូវបានចាប់ខ្លួនភ្លាមៗ ក្រោយពីពួកគេបានបាញ់គំរាម ពាក់ព័ន្ធនិងករណីដេញរថយន្តដឹកឈើប្រភេទសសរសម្រាប់ធ្វើផ្ទះហួសដែនដីសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៦A ម្តុំផ្សារផ្អាវ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
កងកម្លាំងប្រដាប់អាវុធល្មើសច្បាប់ទាំងនេះរួមមាន ៖ ១-ឈ្មោះ ផុន វាសនា ឋានៈនាយផ្នែក សន្តិសុខនគរបាល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ,២-ឈោះ ជាតិ សំណាង ជាយោធា ឋានន្តរស័ក្កិអនុសេនីយ៍ត្រី ជំនួយការហ្វឹកហ្វឺន ស្រុកត្បូងឃ្មុំ (ជាអ្នកបាញ់បោះកាំភ្លើងAK47ចំនួន១គ្រាប់) ,៣-ឈ្មោះ កេត តារា អាយុ៣២ឆ្នាំ ជាយោធាឋានន្តរស័ក្តិនាយចំណង់ ស្រុកត្បូងឃ្មុំ ,៤-ឈោះ ម៉ៅ អឿន អាយុ៤២ឆ្នាំ ជាយោធាឋានន្តស័ក្កិអនុសេនីយ៍ទោ (កងការពារ) ស្រុកត្បូងឃ្មុំ ,៥-ឈ្មោះ ខែម សុធារ័ត្ន អាយុ ៣៣ ឆ្នាំ ជាមន្រ្តីអាវុធហត្ថ ឋានន្តរស័ក្តិនាយផ្នែកសន្តិសុខ ,៦-ឈ្មោះ វ៉ាន់ សុទ្ឋ អាយុ២៨ឆ្នាំ ជាមន្រ្តីអាវុធហត្ថ ឋានន្តរស័ក្តិនាយចំណង់។
កម្លាំងសមត្ថកិច្ចបានដកហូត រថយន្តម៉ាកសំាងយ៉ុង១គ្រឿង ពណ៌លឿងដែលដឹកសរសរចំនួន១៦ដើម ខ្លី១៣ដើម វែង៣ដើមរបស់ប្រជាពលរដ្ឋ និងដកហូតពី កងកម្លាំងប្រដាប់អាវុធរួមមាន៖ កាំភ្លើង AK01ដើម គ្រាប់24គ្រាប់, រថយន្តម៉ាកកាំរី បាឡែន១គ្រឿង ស្លាកលេខ 2Q-2237, រថយន្តម៉ាកកាំរី បាឡែន១គ្រឿង ស្លាកលេខ 2T-4068 និងរថយន្តម៉ាកហាយហ្វ្រីតមួយគ្រឿង ស្លាកលេខខេមរភូមិន្ទ៕ វណ្ណះ