ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងមួកខៀវ១៨នាក់បញ្ចប់វគ្គហ្វឹកហ្វឺនកម្ទេចគ្រាប់និងរកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដោយជោគជ័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ សិក្ខាកាមកម្លាំងមួកខៀវកម្ពុជា១៨នាក់ នឹងចេញទៅបំពេញ បេសកកម្ម អង្គការសហប្រជាជាតិ នៅថ្ងៃ ខាងមុខនេះ បានបញ្ចប់វគ្គហ្វឹកហ្វឺនលើ ជំនាញកម្ទេចគ្រាប់ និងរុករកយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ ដែលរដ្ឋាភិបាលបារាំងបញ្ជូនយោធាចារ្យរបស់ខ្លួនមកចំនួន៤សប្តាហ៍ ជួយបណ្តុះបណ្តាល ដល់កម្លាំងមួកខៀវ កម្ពុជា។ ពិធីកម្ទេចគ្រាប់បញ្ចប់វគ្គហ្វឹកហ្វឺន៤សប្តាហ៍ប្រព្រឹត្តទៅនៅ រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅសាលាបណ្តុះ បណ្តាលកម្លាំងរក្សាសន្តិភាពពហុសាសន៍ នាសាលាហ្វឹកហ្វឺនបណ្តុះបណ្តាលកង កម្លាំងរក្សាសន្តិភាពពហុសាសន៍( PKO)ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ទោ Valerie Richard ប្រធានប្រតិបត្តិការកងវរសេនាធំវិស្វកម្ម ឆ័ត្រយោងលេខ១៧មកពីទីក្រុងប៉ារីស ប្រទេសបារាំងថ្លែងថា កម្លាំងមួកខៀវ កម្ពុជា ពិតជាមានស្នាដៃពិតប្រាកដមែន ក្រោយពីទទួលវគ្គបណ្តុះបណ្តាលជំនាញខាងលើនេះ ពួកគេពិតជាទទួលស្នាដៃចូលបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ។

លោក Richard បានបន្តថា វគ្គហ្វឹក ហ្វឺននេះ សិក្សាលើវិញ្ញាសាគំរាមកំហែង ទូទៅនៃគ្រឿងផ្ទុះកែច្នៃ, គ្រោះថ្នាក់ដោយ គ្រាប់មិនទាន់ផ្ទុះ ការចាកចេញពីចំការមីន វីធានការសង្រ្គោះពេលមានរបួសក្នុងចម្ការ មីន ត្រួតពិនិត្យលើភូមិសាស្រ្តគ្រោះថ្នាក់, វិធានការសង្រ្គោះពេលផ្លាស់ប្តូរទីកន្លែង និងវាយតម្លៃសម្គាល់គ្រាប់កែច្នៃ។ មេរៀនកម្ទេចគ្រាប់មិនទាន់ផ្ទុះកាកសំណល់ សង្គ្រាម អនុវត្តន៍ការបំផ្ទុះគ្រាប់ ។

លោកបានបន្ថែមថា ក្រៅពីវគ្គហ្វឹកហ្វឺនកម្ទេចគ្រាប់ និងរុករកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ យោធារចារ្យបារាំង បណ្តុះបណ្តាលជំនាញ បោសសម្អាតមីន និងច្បាប់នានាទាក់ទិន ​ទៅអង្គការសហប្រជាជាតិ។ កងទ័ពបារាំង ​តែងតែជួយបណ្តុះបណ្តាលជំនាញផ្នែករក្សា សន្តិភាពដល់កម្លាំងមួកខៀវកម្ពុជាជា​​ច្រើន​ឆ្នាំមកហើយ។ រដ្ឋាភិបាលបារាំង​បន្តជួយបណ្តុះ បណ្តាលដល់កម្លាំងមួក​ខៀវកម្ពុជាបន្តពង្រឹងសមត្ថភាពបន្ថែម​ទៀត លើសមត្ថភាពជំនាញដែលកម្លាំង​កម្ពុជា ទាំងអស់ដែលមាន។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីនកម្ពុជា និងជា អគ្គនាយកមជ្ឈមណ្ឌជាតិរក្សាសន្តិភាព មានប្រសាសន៍ថា យោធាចារ្យបារាំងនឹង​ហ្វឹកហ្វឺនជំនាញដល់កម្លាំងមួកខៀវកម្ពុជា ​ដូចជា វេចខ្ចប់សម្ភារតាមស្តង់ដាអន្តរជាតិ ជំនាញអង្កេតការណ៍របស់អង្គការសហ​ប្រជាជាតិ សង្រ្គោះបឋម ឋានលេខា (ការ​ងារកូផែនទី) មើលផែនទី បច្ចេកទេស​ដោះមីន បន្សាបគ្រឿងផ្ទុះ សុខាភិបាល និង​ជំនាញត្រួតពិនិត្យដោយកម្លាំងកងរាជអាវុធហត្ថ​។​

លោកអគ្គនាយកបន្តថា ភាគីបារាំង​ជួយបណ្តុះបណ្តាលជំនាញជាច្រើន ដល់កម្លាំងមួកខៀវកម្ពុជា រហូតមកដល់​ឆ្នាំ២០១៦នេះ គឺមានចំនួន១១ឆ្នាំ។ ទាក់ទិនទៅនឹងសកម្មភាពកម្លាំងមួកខៀវកម្ពុជា ទៅបំពេញបេសកកម្មរបស់អង្គការសហ ប្រជាជាតិ រយៈពេល១១ឆ្នាំកន្លង លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បញ្ជាក់​ថា ព្រឹតិ្តការណ៍ប្រមាណ២៤ឆ្នាំមុន ​កងរក្សាសន្តិភាពរបស់ អង្គការសហប្រជា​ជាតិបញ្ជូនមកកាន់កម្ពុជា។

កម្ពុជាបានក្លាយជាប្រទេសមួយបញ្ជូនកម្លាំង និងក្រុមជំនាញចូល រួមប្រតិបត្តិការ​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងនាមមនុស្សធម៌ទៅកាន់ប្រទេស​ចំនួន៨នាបច្ចុប្បន្ន ។ ចាប់តាំងពីឆ្នាំ២០០៦​មកកម្ពុជាបញ្ជូនកម្លាំងសរុបជាង៤ពាន់៥​រយនាក់ ក្នុងនោះមានកម្លាំងនារីជិត២០០​នាក់ ចូលរួម បេសកកម្មរបស់អង្គការសហ​ប្រជាជាតិចំនួន៨ប្រទេស។

បច្ចុប្បន្នកម្ពុជាមានកម្លាំងប្រមាណជិត​១.០០០នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិក​កណ្តាល លីបង់ សាយប្រឺស និងប្រទេស​ម៉ាលី។ កម្លាំងមួកខៀវទាំងអស់នេះធ្វើ​​ឲ្យប្រទេសកម្ពុជា បរិច្ចាគកងកម្លាំងរក្សា​សន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុង​តំបន់អាស៊ានផងដែរ ៕ សុខដុម


ចែករំលែក៖