ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញកំពុងបំផុសឲ្យពលរដ្ឋកាប់ឈើជន្លង់ម្រេចយ៉ាងអនាធិបតេយ្យ ដឹកតាមគោយន្តកែឆ្នៃ និងគោយន្តកន្ត្រៃបន្តកន្ទុយគ្នា គ្មានសមត្ថកិច្ចណាបង្ក្រាប

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ឈើនៅសេសសល់ក្រៅពីឈ្មួញកាប់ទន្ទ្រានឈូសឆាយយកដីធ្វើជាកម្មសិទ្ធិ និងជំនួញ ហើយដឹកជញ្ជូនឈើយកទៅលក់យ៉ាងអនាធិបតេយ្យហើយនោះ ត្រូវបានឈ្មួញ និងថៅកែធំៗឃុបឃិតគ្នាជាមួយនឹងអាជ្ញាធរពាក់ព័ន្ធមូលដ្ឋាន ស្រុក ធ្វើមិនដឹង មិនឮ ឲ្យឈ្មួញធ្វើសកម្មភាពយ៉ាងគឃ្លើន មិនខ្លាចសមត្ថកិច្ចមូលដ្ឋានឡើយ ដែលឋិតក្នុងទឹកដីស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្នឈ្មួញកំពុងតែដើរបំផុសឲ្យប្រជាពលរដ្ឋចូលកាប់ឈើជន្លង់ម្រេច ដឹកចេញពីភូមិសាស្ត្រ វាលខ្សាច់ ជាធំ និងឃុំចំការលើ ទៅចាក់គរក្រោយក្រុមហ៊ុនចិនថ្មម៉ាត ក្នុងទឹកដីស្រុកថាឡាបរិវ៉ាត់។ ប្រភពដដែលបានបន្តទៀតថា ការដឹកជញ្ចូនឈើច្រឡុងម្រិច ជាច្រើនខែ ថ្ងៃមកហើយ បើគិតជាដើមឈើ គិតជាបង្គោល ជន្លង់ម្រេចក៏មិនតិចដែរ មិនដែលឃើញសមត្ថកិច្ចណាចុះបង្ក្រាប ឬហាមឃាត់ ឬណែនាំម្តងណានោះទេ ឃើញឈ្មួញបំផុសឲ្យពលរដ្ឋចូលកាប់ឈើ ដឹកជញ្ជូនជារៀងរាល់ថ្ងៃបន្តបន្ទុយគ្នា។

ជុំវិញរឿងនេះ លោកវា សាខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ បាននិយាយថា ការដឹកជញ្ជូនឈើជន្លង់ម្រេចជារៀងរាល់ថ្ងៃនេះ លោកដឹងដែរ តែពេលនេះ លោកនៅឆ្ងាយកំពុងចុះតាមគោលដៅ ក្នុងភូមិសាស្ត្រទឹកដីស្រុកថាឡាបរិវាត់។

គួររំលឹកដែរថា ការដឹកជញ្ជូនឈើជន្លង់ម្រេចនេះ មិនមែនទើបតែមាននោះទេ ហើយឈ្មួញចាំទិញដឹកដល់កន្លែងតម្លៃមួយដើម៩ពាន់រៀល ហើយគេមិនដែលឃើញសមត្ថកិច្ចជំនាញចុះ បង្ក្រាបនោះដែរ ប្រហែលជាថៅកែជួបគ្នាដោះស្រាយជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងស្រុក រួចរាល់អស់ហើយមើលទៅ ទើបមិនដែលឃើញបង្ក្រាបម្តងណានោះទេ ។

ឈ្មួញដឹកជញ្ជូនឈើទាំងនេះជារៀងរាល់ថ្ងៃ មិនចេះឈប់ ហើយឲ្យតែយ៉ាងនេះ ព្រៃឈើពិតជាក្លាយទៅជាវាលរហ៊ោស្ថានមិនខាននោះទេ ដោយសារអាជ្ញាធរមូលដ្ឋានធ្វើមិនដឹង ធ្វើមិនឮ ការកាប់បំផ្លាញព្រៃឈើគ្រប់ប្រភេទ និងការកាប់ទន្ត្រានឈួសឆាយយកដីធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ តើលោកអភិបាលស្រុកមើលឃើញទេ ល្មមទប់ស្កាត់ខ្លះផង កុំធ្វើបាបអ្នកក្រ ឲ្យអ្នកមានលុយ មានអំណាច ឃុបឃិតគ្នា ស្រេចតែចិត្តពេក ៕ មាស សុផាត


ចែករំលែក៖