ភ្នំពេញ: បុរស៣នាក់ត្រូវបានថៅកែឲ្យទៅឃាត់ខ្លួនបុរសម្នាក់ យកទៅប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីបុរសម្នាក់នេះ បោកលុយថៅកែរបស់ខ្លួនអស់ចំនួន៣ពាន់ដុល្លារ។ ការឃាត់ខ្លួនបុរសខាងលើបានធ្វើឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ធា អាយុ៣២ឆ្នាំ អតីតអ្នកបើកបររថយន្ត ស្នាក់នៅខេត្តព្រះសីហនុ។
តាមប្រពព័ត៌មានពីបុរស៣នាក់ដែលទៅឃាត់ខ្លួបជនសង្ស័យយកឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់នោះបានឲ្យដឹងថាកាលពី៦ថ្ងៃមុនជនសង្ស័យបានជួលរថយន្តដឹកទំនិញចំនួន៣គ្រឿងពីថៅកែពួកគាត់ដែលមានទីតាំងនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្នុងតម្លៃ៣ពាន់ដុល្លារ។លុះពេលយករថយន្តទៅដឹកទំនិញរួចរាល់អស់ហើយ មានរយៈពេលជិតមួយអាទិត្យ មិនឃើញជនសង្ស័យយកលុយទៅទូទាត់ឲ្យថៅកែរបស់ពួកគាត់ហើយយ៉ាងទៀតដោយខ្លាចថៅកែសង្ស័យមកលើរូបពួកគាត់ថាមានជាប់ពាក់ព័ន្ធជាមួយជនសង្ស័យដោយសារ ពួកគាត់ធ្លាប់ស្គាល់គ្នាផងនោះក៏នាំគ្នាស្វែងរកជនសង្ស័យទាល់តែឃើញហើយទារលុយនោះប្រគល់ឲ្យថៅកែវិញតែដោយជននេះមិនមានលុយទើបឃាត់ខ្លួនឲ្យសមត្ថកិច្ចសិនខ្លាចជននេះរត់បាត់។
ចំណែកថៅកែរបស់ពួកគាត់វិញបាននិយាយថាឲ្យសុំតែលុយដែលជននោះបោកគាត់តែប៉ុណ្ណោះដោយមិនចង់ប្តឹងវែងឆ្ងាយនោះទេ។
ក្រោយពីកើតហេតុជនសង្ស័យត្រូវបានបុរសមួយក្រុមនោះនាំមកប៉ុស្តិ៍នគរបាលចោមចៅដើម្បីសួរយោបល់សមត្ថកិច្ចថាត្រូវធ្វើបែបណាចំពោះករណីនេះ គ្រាដែលសមត្ថកិច្ចអះអាងថា ប្រមូលឯកសារទុកជាភស្តុតាង និងដាក់ពាក្យបណ្តឹងតាមច្បាប់នោះ ៕ ប្រាថ្នា